ប្រជាជន​ចិន​ទទួលទាន​បន្លែផ្លែឈើ​ពីប្រទេសវៀតណាមកាន់តែច្រើនឡើងៗ ពោលគឺក្នុងរយៈពេល ៨ខែ​ នៃឆ្នាំ២០២៤ ​ចិន​នាំចូល​បន្លែ​ផ្លែឈើ​ពីវៀតណាម កើនឡើងដល់ទៅ ៣៦% ។

ពីខែមករា ដល់ខែសីហា នៅឆ្នាំនេះ ចិន​នាំចូល​បន្លែផ្លែឈើ​របស់​វៀតណាម គិត​ជាទឹកប្រាក់ជិត ៣១០០លានដុល្លារ ។ តួលេខនេះ​ បើធៀបនឹង​រយៈពេល ៨ខែនៃឆ្នាំកន្លង​ទៅ គឺកើនឡើង ៣៦% ។

ក្នុងរយៈពេល​ដដែលនេះ បើគិតជាសរុប ប្រទេស​វៀតណាម​នាំចេញ​បន្លែ​ផ្លែឈើ​បានជិត ៥០០០លានដុល្លារ ដោយ​កើនឡើងខ្ពស់ជាង​ឆ្នាំទៅ ៣៣% ។

ប្រទេសផ្សេងទៀត ក្រៅពីចិន មានដូចជា អាមេរិក កូរ៉េខាងត្បូង ថៃ និង​ជប៉ុន សុទ្ធតែបានបង្កើន​ការនាំចូល​បន្លែផ្លែឈើពី​ប្រទេសវៀតណាមដូចគ្នា ពោលគឺ កើនឡើងពី ៣៥% ដល់ ៩០% ។

មន្ត្រីសមាគម​បន្លែ​ផ្លែឈើ​វៀតណាម បាន​និយាយថា ក្នុងចំណោម​មុខ​ទំនិញ​ផលិត​ផល​កសិកម្មសំខាន់ៗ ការនាំចេញបន្លែផ្លែ​ឈើ​កើនឡើង​លឿនជាងគេ ពោលគឺលឿនជាង​អង្ករ​ទៅទៀត ។

កត្តាមួយដែលរុញច្រានកំណើន​នាំចេញបន្លែផ្លែឈើ​វៀតណាម គឺការកើនឡើង​តម្រូវការ​ទុរេន​ពី​ប្រទេសចិន ។

កាលពីខែមុន ចិននិង​វៀតណាម​ទើបតែបានចុះ​ហត្ថលេខាលើ​ពិធីសារ​មួយ ដែល​នឹងបើក​ផ្លូវ​សម្រាប់​ការនាំចេញ​ទុរេន​បង្កក​ និង​ដូង​ស្រស់​ពី​វៀតណាម​ ទៅក្នុង​ទីផ្សារ​ប្រទេស​ចិន ។

នៅឆ្នាំនេះ ការនាំចេញ​ទុរេនបង្កក​របស់វៀតណាម ត្រូវគេរំពឹងថា នឹងឡើង​ដល់ ៤០០ ទៅ ៥០០លានដុល្លារ រីឯ​ការនាំចេញដូង​ស្រស់​​របស់​វៀតណាម អាចកើនឡើងដល់ពី ២០០ ទៅ ៣០០លានដុល្លារ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version