ក្រុមហ៊ុនផលិតម៉ូតូហុងដា (Honda) របស់ប្រទេសជប៉ុន នឹង​ចាប់ផ្ដើមលក់ម៉ូតូ​ហុងដាអគ្គិសនីដំបូងគេដែលផលិតនៅប្រទេសវៀតណាម​ នៅថ្ងៃទី ១២ ខែមេសានេះហើយ ។

ម៉ូតូអគ្គិសនី​ហុងដា ដែលដំឡើងនៅវៀតណាមជាលើកដំបូងនោះ មានម៉ាក អាយខុន អ៊ី (ICON e) ក្នុងតម្លៃចាប់ពី ១០៤០ ដុល្លារឡើងទៅ ។

ម៉ូតូ ហុងដា អាយខុន អ៊ី (ICON e) ផលិត​នៅក្នុងខេត្ត វិញភុក ភាគខាងជើងប្រទេសវៀតណាម​ ហើយ​មាន​បី​ប្រភេទ គឺ ស្ប៉ត (Sport), ស្ប៉េស្យល (Special) និង ព្រីមៀម (Premium) ។

 

រូបភាព៖ VnExpress

ក្រុមហ៊ុន ហុងដា នឹងមិនទាន់លក់អាគុយសម្រាប់ម៉ូតូប្រភេទនេះឡើយ ប៉ុន្តែ គ្រោង​នឹង​ជួល​អាគុយ​សម្រាប់ម៉ូតូប្រភេទនេះ ក្នុងតម្លៃ ១៤ ដុល្លារ​ក្នុងមួយខែ ។

អាគុយ​ម៉ូតូនេះ អាច​ដកយកមកសាកបាន​នៅផ្ទះ ហើយ​អាចសាកពេញដោយប្រើពេល ៧,៥ ម៉ោង​ ហើយអាច​បើក​បរបានចម្ងាយ​ ៥០ គីឡូម៉ែត្រ ។

នៅក្នុងប្រទេសវៀតណាម ម៉ូតូ ហុងដា អាយខុន អ៊ី (ICON e) មិនតម្រូវឲ្យអ្នកបើកបរមានប័ណ្ណបើកបរឡើយ ហើយផលិតឡើង​ដោយផ្ដោតលើសិស្សានុសិស្ស​សម្រាប់ប្រើប្រាស់ក្នុងការធ្វើដំណើរ។

ក្រុមហ៊ុន ហុងដា ក៏នឹងទិញម៉ូតូនេះត្រលប់មកវិញ ក្នុងរយៈពេលបីឆ្នាំក្រោយ ហើយធ្វើការ​ជួសជុលឡើងវិញ ដើម្បីលក់បន្តទៅឲ្យអតិថិជនផ្សេងទៀត។

ម៉ូតូ ហុងដា ជា​ម៉ាកយីហោម៉ូតូ ដែលលក់ដាច់ជាងគេក្នុងប្រទេសវៀតណាម ហើយក្ដោប​ក្ដាប់ទីផ្សារ​រហូតដល់ទៅ ៨០% ។​

ជា មករា ជាប្រធាន​ផ្នែក​មាតិកា និងជាអ្នកនិពន្ធ​អត្ថបទ​ទូទៅ ប្រចាំ​នៅ ពិត មេឌា ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version