រដ្ឋាភិបាលថៃ​បានប្ដេជ្ញាថា​នឹង​បង្កើនការ​នាំចូល​ថាមពល យន្តហោះ និងផលិតផល​កសិកម្ម​ពីសហរដ្ឋអាមេរិក​ឲ្យកាន់តែច្រើនថែមទៀត​ ដើម្បីបន្ធូរបន្ថយផលប៉ះពាល់ពីការ​ដំឡើងពន្ធ​នាំចូលទៅកាន់ទីផ្សារ​សហរដ្ឋអាមេរិក ។ នេះបើយោងតាមការ​ចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ ដែលបានដកស្រង់សម្ដី នាយករដ្ឋមន្ត្រី លោកស្រី ពេតុងតាន ស៊ីណាវ៉ាត ។

គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុន ​បានប្រកាស​ដំឡើងពន្ធ​នាំចូលសម្រាប់ទំនិញពីប្រទេសថៃ រហូតដល់ទៅ ៣៦% ។

នៅក្នុងសប្ដាហ៍នេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ លោក ពិឆៃ ឈុនហាវ៉ាជីរ៉ា នឹង​ដឹកនាំគណៈប្រតិភូថៃ ទៅកាន់សហរដ្ឋអាមេរិក ដើម្បីពិភាក្សា​លើបញ្ហាពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរ ហើយគ្រោង​នឹង​ប្រាប់សហរដ្ឋអាមេរិកថា ប្រទេសថៃ មិនត្រឹមតែជា​ទិសដៅនាំចេញសម្រាប់ទំនិញអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាដៃគូជាទីទុកចិត្តរបស់សហរដ្ឋអាមេរិកផងដែរ ។

ការ​ប្រកាសពីការ​ប្ដេជ្ញាចិត្តរបស់​ លោកស្រី ពេតុងតាន ស៊ីណាវ៉ាត គឺធ្វើឡើងតាមរយៈសេចក្ដីប្រកាសព័ត៌មាន ក្រោយពេលដែលមានការរិះគន់ថា រដ្ឋាភិបាលរបស់លោកស្រី ហាក់​មានភាព​យឺតយ៉ាវ​ក្នុងការ​ឆ្លើយតបចំពោះការ​ដំឡើងពន្ធនាំចូលដែលប្រកាស​ដោយលោក ដូណាល់ ត្រាំ ។ ការ​មិនពេញចិត្ត​ចំពោះភាពយឺតយ៉ាវរបស់រដ្ឋាភិបាលថៃនេះ គឺដោយសារ​តែមានការ​ប្រៀបធៀប​ជាមួយនឹង​ប្រតិកម្ម​ភ្លាមៗ ពីសំណាក់មេដឹកនាំប្រទេសអាស៊ានផ្សេងទៀត ។

 

 

ជា មករា ជាប្រធាន​ផ្នែក​មាតិកា និងជាអ្នកនិពន្ធ​អត្ថបទ​ទូទៅ ប្រចាំ​នៅ ពិត មេឌា ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version