តម្លៃអង្ករពីប្រទេសថៃ នៅសប្ដាហ៍នេះ​ បានធ្លាក់ចុះខ្លាំងបំផុត គិត​ត្រឹមរយៈកាលបីឆ្នាំចុងក្រោយនេះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធនាំចូល​ទំនិញពីបណ្ដាប្រទេសជា​ច្រើននៅលើពិភពលោករួមទាំងពីកម្ពុជាផង។

ទន្ទឹមនឹងនេះ តម្លៃអង្ករនាំចេញរបស់ឥណ្ឌា ក៏បានធ្លាក់ចុះផងដែរ ដោយសារតែបញ្ហា​ធ្លាក់ចុះការបញ្ជាទិញ ។

រូបថត Pixabay

សហរដ្ឋអាមេរិកបានប្រកាសដំឡើងពន្ធនាំចូល​ ៣៦% សម្រាប់ទំនិញនាំចូលពីប្រទេសថៃ និង​ ២៦% សម្រាប់ទំនិញនាំចូលពីប្រទេស​ឥណ្ឌា ។

អង្ករបាក់ ៥% របស់​ប្រទេសថៃ បានធ្លាក់ចុះមកនៅត្រឹម ៣៩៥ ទៅ ៤០០ ដុល្លារ​ក្នុងមួយតោន ដែលជា​តម្លៃទាបបំផុតគិត​ត្រឹម​ពីខែ មករា ឆ្នាំ ២០២២ ។

ចំណែកឯអង្ករ​ស្ងោ បាក់ ៥% របស់ប្រទេស​ឥណ្ឌាវិញ បានធ្លាក់តម្លៃមកនៅត្រឹម ៣៩២ ទៅ ៤០០ ដុល្លារ​ក្នុងមួយតោន ដោយសារតែ​បញ្ហា​ធ្លាក់ចុះនូវការបញ្ជារទិញ​ពីបណ្ដាទីផ្សារនានា​ នៅអាហ្វ្រិក។ ចំណែកអង្ករ​ស បាក់ ៥% របស់ប្រទេស​ឥណ្ឌាវិញ នៅសប្ដាហ៍នេះ បានធ្លាក់ចុះ មកនៅត្រឹម ៣៨០ ទៅ ៣៨៥ ដុល្លារ​ក្នុងមួយតោន។

អ្នកបញ្ជាទិញអង្ករ​នៅបរទេស កំពុងតែជួបបញ្ហា​ខាត​បង់ប្រាក់ចំណេញ ដោយសារតែការធ្លាក់ចុះ​យ៉ាងគំហុកនៅតម្លៃអង្ករ​ ក្នុងរយៈកាលប៉ុន្មានសប្ដាហ៍មកនេះ ដូច្នេះ អ្នកបញ្ជាទិញកំពុង​បង្កើនការ​ប្រុង​ប្រយ័ត្ន​ក្នុងការ​បញ្ជាទិញ​បន្ថែមទៀត ។

ចំណែកឯអង្ករបាក់ ៥% របស់​វៀតណាមវិញ យោងតាម​ការលើកឡើងរបស់ឈ្មួញ បានឲ្យដឹងថា មានតម្លៃចន្លោះពី ៤០៥ ទៅ ៤១០ ដុល្លារ​ក្នុងមួយតោន ។

កសិករ​វៀតណាម​បង្ហាញ​អង្ករ​នៅ​វាលស្រែ ។ រូបថត Pixabay

ជា មករា ជាប្រធាន​ផ្នែក​មាតិកា និងជាអ្នកនិពន្ធ​អត្ថបទ​ទូទៅ ប្រចាំ​នៅ ពិត មេឌា ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version