រដ្ឋាភិបាល​វៀតណាមកំពុងជំរុញឲ្យសហរដ្ឋអាមេរិកពន្យារពេល​អនុវត្តគោលនយោបាយ​ពន្ធ​នាំចូលថ្មី យ៉ាងហោច ៤៥ ថ្ងៃ ដើម្បីទុកពេល​សម្រាប់ការចរចា​ និងការ​ត្រៀមខ្លួន ។

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាំ មិញជិញ បានដឹកនាំកិច្ចប្រជុំជាមួយនឹង​បណ្ដាក្រសួង និងវិស័យនានា​កាលពីល្ងាចថ្ងៃទី ០៧ ខែមេសា ដើម្បីពិភាក្សា​អំពីការ​រៀបចំពាណិជ្ជកម្មឱ្យមានតុល្យភាព និងចីរភាពជាមួយនឹង​សហរដ្ឋអាមេរិក។

កិច្ចប្រជុំនេះបានរៀបចំឡើង​ ក្រោយពេលដែលលោក ផាំ មិញជិញ ប្រជុំ​សន្និបាត​ជាមួយនឹង​ទីភ្នាក់ងារ​របស់វៀតណាមនៅក្រៅប្រទេស​ ដើម្បីស្វែង​រកវិធីសាស្ត្រ​សម្របខ្លួនទៅនឹង​ស្ថានការណ៍ថ្មីៗនៃពាណិជ្ជកម្មអន្តរជាតិ ។

គិត​ត្រឹមល្ងាចថ្ងៃទី ០៧ ខែមេសា រដ្ឋាភិបាល​វៀតណាមបានប្រជុំ​បីលើកមកហើយ ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម​ជាមួយសហរដ្ឋអាមេរិក ក្រោយពេលប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសគោលនយោបាយ​ពន្ធថ្មី សម្រាប់ការ​នាំចូលទៅកាន់ទីផ្សារ​សហរដ្ឋអាមេរិកនោះ ។

លោក ផាំ មិញជិញ ក៏បានស្នើសុំ​ក្រសួង វិស័យ និងបណ្ដាទីភ្នាក់ងារនានា​ ប្រញ៉ាប់​បំពេញបែបបទ​នានា ដើម្បីជួយដល់ប្រតិភូ ដែលគ្រោង​នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីពិភាក្សា​អំពីការ​អភិវឌ្ឍពាណិជ្ជកម្មប្រកបដោយតុល្យភាព និង​ចីរភាពជាមួយសហរដ្ឋអាមេរិក ។

លោកក៏បានទាមទារ​ឲ្យក្រសួង វិស័យ និង​ក្រុមហ៊ុននានា​បន្តពិចារណា នាំចូលទំនិញបន្ថែមពីសហរដ្ឋអាមេរិក រាប់បញ្ចូលទាំង​ការ​ពន្លឿនការ​បញ្ជូន​យន្តហោះប៊ូអ៊ីង សម្រាប់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines) ផងដែរ ។

រូបភាព៖ Pixabay

 

 

ជា មករា ជាប្រធាន​ផ្នែក​មាតិកា និងជាអ្នកនិពន្ធ​អត្ថបទ​ទូទៅ ប្រចាំ​នៅ ពិត មេឌា ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version