
ប្រជាជនចិនទទួលទានបន្លែផ្លែឈើពីប្រទេសវៀតណាមកាន់តែច្រើនឡើងៗ ពោលគឺក្នុងរយៈពេល ៨ខែ នៃឆ្នាំ២០២៤ ចិននាំចូលបន្លែផ្លែឈើពីវៀតណាម កើនឡើងដល់ទៅ ៣៦% ។
ពីខែមករា ដល់ខែសីហា នៅឆ្នាំនេះ ចិននាំចូលបន្លែផ្លែឈើរបស់វៀតណាម គិតជាទឹកប្រាក់ជិត ៣១០០លានដុល្លារ ។ តួលេខនេះ បើធៀបនឹងរយៈពេល ៨ខែនៃឆ្នាំកន្លងទៅ គឺកើនឡើង ៣៦% ។
ក្នុងរយៈពេលដដែលនេះ បើគិតជាសរុប ប្រទេសវៀតណាមនាំចេញបន្លែផ្លែឈើបានជិត ៥០០០លានដុល្លារ ដោយកើនឡើងខ្ពស់ជាងឆ្នាំទៅ ៣៣% ។
ប្រទេសផ្សេងទៀត ក្រៅពីចិន មានដូចជា អាមេរិក កូរ៉េខាងត្បូង ថៃ និងជប៉ុន សុទ្ធតែបានបង្កើនការនាំចូលបន្លែផ្លែឈើពីប្រទេសវៀតណាមដូចគ្នា ពោលគឺ កើនឡើងពី ៣៥% ដល់ ៩០% ។
មន្ត្រីសមាគមបន្លែផ្លែឈើវៀតណាម បាននិយាយថា ក្នុងចំណោមមុខទំនិញផលិតផលកសិកម្មសំខាន់ៗ ការនាំចេញបន្លែផ្លែឈើកើនឡើងលឿនជាងគេ ពោលគឺលឿនជាងអង្ករទៅទៀត ។
កត្តាមួយដែលរុញច្រានកំណើននាំចេញបន្លែផ្លែឈើវៀតណាម គឺការកើនឡើងតម្រូវការទុរេនពីប្រទេសចិន ។
កាលពីខែមុន ចិននិងវៀតណាមទើបតែបានចុះហត្ថលេខាលើពិធីសារមួយ ដែលនឹងបើកផ្លូវសម្រាប់ការនាំចេញទុរេនបង្កក និងដូងស្រស់ពីវៀតណាម ទៅក្នុងទីផ្សារប្រទេសចិន ។
នៅឆ្នាំនេះ ការនាំចេញទុរេនបង្កករបស់វៀតណាម ត្រូវគេរំពឹងថា នឹងឡើងដល់ ៤០០ ទៅ ៥០០លានដុល្លារ រីឯការនាំចេញដូងស្រស់របស់វៀតណាម អាចកើនឡើងដល់ពី ២០០ ទៅ ៣០០លានដុល្លារ ៕


