
អ្នកជំនាញសេដ្ឋកិច្ចថៃមួយរូបបាននិយាយថា ប្រទេសថៃគួរតែប្រឹងជំរុញវិស័យកសិកម្មនិងចំណីអាហារ ក៏ដូចជាសេវាកម្មកម្រិតខ្ពស់ ដើម្បីឲ្យក្លាយជាចលករថ្មីសម្រាប់កំណើនសេដ្ឋកិច្ច ដើម្បីបង្កើតការងារនៅក្នុងប្រទេស ។
លោក ស៊ូប៉ាវុដ សៃឈឿ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសថៃ បានថ្លែងប្រាប់កាសែត ខៅស៊ុដ ថា ប្រទេសថៃគួរតែបញ្ឈប់មហិច្ឆតារបស់ខ្លួនដែលចង់ក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តនៅក្នុងអាស៊ីទៀតទៅ ។
លោកបានពន្យល់ថា ប្រទេសថៃ ពិបាកនឹងប្រជែងជាមួយនឹងប្រទេសចិនណាស់នៅក្នុងឱស្សាហកម្មកម្មន្តសាលនេះ ហើយថា សូម្បីតែសហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន មានការពិបាកផង ចុះទម្រាំប្រទេសថៃ ឲ្យទៅប្រកួតប្រជែងជាមួយនឹងចិនដូចម្តេច ។
បច្ចុប្បន្ន ប្រទេសចិនមានសមត្ថភាពផលិតរថយន្តបាន ៤០ លានគ្រឿង ប៉ុន្តែ លក់ក្នុងស្រុកបានតែ ២២ លានគ្រឿងប៉ុណ្ណោះ ហើយចំនួនដែលនៅសល់ ត្រូវតែនាំចេញ ។
ក្រុមហ៊ុនរបស់ចិនត្រូវតែស្វែងរកទីផ្សារសម្រាប់នាំចេញរថយន្តទាំងនេះ ដោយសារតែការប្រកួតប្រជែងក្នុងស្រុកមានសភាពខ្លាំងក្លា ជាហេតុនាំឲ្យប្រទេសថៃ ក៏ក្លាយជាទីផ្សាររបស់ចិនដែរ ។
ប្រទេសថៃ ចាំបាច់ត្រូវគិតថាតើ ត្រូវមានសន្តិសហវិជ្ជមានក្នុងផ្លូវល្អជាមួយនឹងប្រទេសចិនរបៀបណា?
លោក ស៊ូប៉ាវុដ សៃឈឿ បានថ្លែងថា ថៃ ត្រូវតែផ្ដោតលើកសិកម្ម ពោលគឺកសិកម្មដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ដើម្បីបានទិន្នផលច្រើន ប៉ុន្តែ ថៃនៅពុំទាន់បានចាប់ផ្ដើមនៅឡើយទេ។
លោកបានបន្តថា បច្ចុប្បន្ន ថៃ ស្ថិតក្នុងចំណោមប្រទេសធំៗ ដែលនាំចេញកសិផលទៅកាន់ប្រទេសចិន ប៉ុន្តែ ប្រទេសថៃ គួរតែបង្កើនផលិតភាពរបស់កសិករម្នាក់ៗ ដើម្បីធ្វើយ៉ាងណាឲ្យកសិករទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ ។
លោកបានថ្លែងថា កន្លងមក ប្រទេសថៃ ហាក់ព្រងើយកន្តើយចំពោះវិស័យកសិកម្ម ដោយសារតែវិស័យទេសចរណ៍ និងឧស្សាហកម្ម គឺជាវិស័យធំក្នុងសេដ្ឋកិច្ចជាតិ ៕


