អ្នកជំនាញ​សេដ្ឋកិច្ច​ថៃ​មួយ​រូប​បាន​និយាយ​ថា ប្រទេស​ថៃ​គួរតែ​ប្រឹង​ជំរុញ​វិស័យ​កសិកម្ម​និង​ចំណី​អាហារ ក៏ដូចជា​សេវាកម្ម​កម្រិត​ខ្ពស់ ដើម្បី​ឲ្យ​ក្លាយ​ជា​ចលករ​ថ្មី​សម្រាប់​កំណើន​សេដ្ឋកិច្ច ដើម្បី​បង្កើត​ការងារ​នៅ​ក្នុង​ប្រទេស ។

លោក ស៊ូប៉ាវុដ សៃឈឿ ប្រធាន​ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​របស់​ប្រទេសថៃ បានថ្លែង​ប្រាប់​កាសែត ខៅស៊ុដ ថា ប្រទេសថៃ​គួរតែ​បញ្ឈប់​មហិច្ឆតា​របស់​ខ្លួន​ដែល​ចង់​ក្លាយ​ជា​មជ្ឈមណ្ឌល​ផលិត​រថយន្ត​នៅក្នុង​អាស៊ី​ទៀត​ទៅ ។

លោកបានពន្យល់ថា ប្រទេសថៃ ពិបាកនឹងប្រជែងជាមួយនឹងប្រទេសចិនណាស់នៅក្នុងឱស្សាហកម្មកម្មន្តសាលនេះ ហើយថា សូម្បីតែសហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន មានការពិបាកផង ចុះទម្រាំប្រទេសថៃ ឲ្យទៅប្រកួតប្រជែងជាមួយនឹងចិនដូចម្តេច ។

បច្ចុប្បន្ន ប្រទេសចិនមានសមត្ថភាពផលិតរថយន្តបាន ៤០ លានគ្រឿង ប៉ុន្តែ លក់ក្នុងស្រុកបានតែ ២២ លានគ្រឿងប៉ុណ្ណោះ ហើយចំនួនដែលនៅសល់ ត្រូវតែនាំចេញ ។

ក្រុមហ៊ុនរបស់ចិនត្រូវតែស្វែងរកទីផ្សារសម្រាប់នាំចេញរថយន្តទាំងនេះ ដោយសារតែការប្រកួតប្រជែងក្នុងស្រុកមានសភាពខ្លាំងក្លា ជាហេតុនាំឲ្យប្រទេសថៃ ក៏ក្លាយជាទីផ្សាររបស់ចិនដែរ ។

ប្រទេសថៃ ចាំបាច់ត្រូវគិតថាតើ ត្រូវមានសន្តិសហវិជ្ជមានក្នុងផ្លូវល្អជាមួយនឹងប្រទេសចិនរបៀបណា?

លោក ស៊ូប៉ាវុដ សៃឈឿ បានថ្លែងថា ថៃ ត្រូវតែផ្ដោតលើកសិកម្ម ពោលគឺកសិកម្មដែលប្រើប្រាស់​បច្ចេកវិទ្យាខ្ពស់ ដើម្បីបានទិន្នផលច្រើន ប៉ុន្តែ ថៃនៅពុំទាន់បានចាប់ផ្ដើមនៅឡើយទេ។

លោកបានបន្តថា បច្ចុប្បន្ន ថៃ ស្ថិតក្នុងចំណោមប្រទេសធំៗ ដែលនាំចេញកសិផលទៅកាន់ប្រទេសចិន ប៉ុន្តែ ប្រទេសថៃ គួរតែបង្កើនផលិតភាពរបស់កសិករម្នាក់ៗ ដើម្បីធ្វើយ៉ាងណាឲ្យកសិករទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ ។

លោកបានថ្លែងថា កន្លងមក ប្រទេសថៃ ហាក់ព្រងើយកន្តើយចំពោះវិស័យកសិកម្ម ដោយសារតែវិស័យទេសចរណ៍ និងឧស្សាហកម្ម គឺជាវិស័យធំក្នុងសេដ្ឋកិច្ចជាតិ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version