
វៀតណាមនាំចេញកាហ្វេទៅទីផ្សារអន្តរជាតិបាន ៩៦ម៉ឺន ៤០០០តោន ក្នុងរយៈពេល ៧ខែនៃឆ្នាំ២០២៤ ដោយរកចំណូលបានជិត ៣,៥៤ពាន់លានដុល្លារអាមេរិក ។
បើគិតជាបរិមាណវិញ ការនាំចេញកាហ្វេធ្លាក់ចុះជិត ១៤% ប៉ុន្តែ គិតជាតម្លៃទឹកប្រាក់វិញ កើនជាង ៣០% បើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ។
តួលេខពីក្រសួងកសិកម្មនិងអភិវឌ្ឍន៍បង្ហាញថា ទិន្នផលកាហ្វេរបស់វៀតណាមសម្រាប់រដូវកាលប្រមូលផលឆ្នាំ២០២៣-២៤ មានប្រមាណ ១,៤៧លានតោន ថយចុះ ២០% បើធៀបនឹងរដូវកាលប្រមូលផលឆ្នាំ២០២២-២៣ ។
ចំពោះរដូវកាលប្រមូលផលឆ្នាំ២០២៤-២៥វិញ វៀតណាមព្យាករថា ទិន្នផលកាហ្វេនឹងធ្លាក់ចុះជាបន្តទៀត ដោយសារតែកត្តាអាកាសធាតុមិនអំណោយផល ។
ទោះបីមានការធ្លាក់ចុះទាំងទិន្នផលនិងទាំងការនាំចេញក្ដី វិស័យកាហ្វេវៀតណាមនឹងទទួលផលប្រយោជន៍ពីការឡើងថ្លៃនៃគ្រាប់កាហ្វេនៅលើទីផ្សារអន្តរជាតិ ។
សារព័ត៌មាន Bloomberg បានផ្សាយថា តម្លៃកាហ្វេ Robusta នៅលើពិភពលោក នឹងហក់ឡើងក្នុងរយៈពេលវែង ដោយសារតែក្ដីបារម្ភពីការផ្គត់ផ្គង់ធ្លាក់ចុះពីប្រទេសវៀតណាម ។
អង្គការកាហ្វេអន្តរជាតិ បានព្យាករថា ពិភពលោកអាចនឹងជួបប្រទះបញ្ហាខ្វះកាហ្វេ Robusta ដល់ទៅ ៣៥លានបាវ (១បាវ/៦០គក) នៅឆ្នាំ២០៤០ ៕


