ប្រទេសថៃ​បានដាក់ចេញ​នូវ​គោលដៅ​ដ៏មហិច្ឆតាមួយ គឺ​សម្រេចបាន​ជើង​ហោះហើរ​ ១លានជើង នៅទូទាំង​ប្រទេស នៅឆ្នាំក្រោយនេះ ។

គោលដៅនេះ​ត្រូវបានប្រកាស​ដោយ​អនុរដ្ឋមន្ត្រីក្រសួងដឹក​ជញ្ជូន​ថៃ លោកស្រី ម៉ាណាផន ចារ៉ឺនស្រ៊ី នៅឯ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​រត់​ទីបីរបស់​ព្រលានយន្ត​ហោះ សុវណ្ណភូមិ កាលពីដើម​ខែតុលា ។

នេះជា​ផ្នែកមួយនៃគោលដៅ​ធំ​របស់​រដ្ឋាភិបាលថៃ ដើម្បី​ប្រែក្លាយ​ប្រទេស​ថៃ​ទៅជា​មជ្ឈមណ្ឌល​អាកាសចរណ៍​របស់តំបន់ និងជំរុញ​វិស័យ​ទេសចរណ៍​និង​សេដ្ឋកិច្ច​របស់​ប្រទេស​សេដ្ឋកិច្ចធំជាងគេបំផុតទីពីរ​នៅ​អាស៊ានមួយនេះ ។

បើតាមលោកស្រីអនុរដ្ឋមន្ត្រី ក្នុង​ឆ្នាំសារពើ​ពន្ធ ២០២៤នេះ ជើង​ហោះហើរ​​នៅទូទាំង​ប្រទេស​ មានចំនួនសរុប ៨៣៦.៥១៣​ជើង កើនឡើង ១៦% បើធៀបនឹង​ឆ្នាំ២០២៣ ។

ព្រលានយន្តហោះសុវណ្ណភូមិ ដែលជា​ច្រកចេញចូល​អន្តរជាតិ​សំខាន់ជាងគេ​របស់​ប្រទេសថៃ ទទួលបាន​ជើងហោះហើរ ៣៤៨.៩៨០​ជើង នៅឆ្នាំ២០២៤ ឬជាមធ្យម ៩៥០ជើង ក្នុងមួយថ្ងៃ ដែល​ចំនួននេះ​ឡើងជិត​ស្មើនឹង​ចំនួន​នៅមុន​ផ្ទុះជំងឺកូវីដ-១៩វិញហើយ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version