
ប្រទេសថៃនាំចេញមង្ឃុតបាន ១៥ពាន់លានបាត (ប្រាក់ថៃ) ដែលស្មើនឹងជាង ៤២៧លានដុល្លារអាមេរិក ក្នុងរយៈពេល ៨ខែដើមឆ្នាំ២០២៤នេះ ។
យោងតាមសារព័ត៌មានថៃ កាលពីឆ្នាំ២០២៣ ថៃនាំចេញមង្ឃុតបាន ២៥ម៉ឺនតោន ដែលមានតម្លៃទឹកប្រាក់សរុប ១៧ពាន់លានបាត ។
មន្ត្រីការិយាល័យគោលនយោបាយនិងយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់ប្រទេសថៃ បាននិយាយថា ប្រទេសថៃនៅរក្សាបានដដែលនូវតំណែងជាប្រទេសនាំចេញមង្ឃុតឈានមុខនៅលើពិភពលោក ។
មន្ត្រីដដែលបន្តថា ៩១% នៃផ្លែមង្ឃុតដែលបង្កបង្កើនផលបាន (ទាំងស្រស់ ទាំងកែច្នៃ) ត្រូវបាននាំចេញ និងតែ ៩% ប៉ុណ្ណោះ ដែលទទួលទានក្នុងស្រុក ។
ប្រទេសណាខ្លះដែលទទួលទានមង្ឃុតថៃច្រើនជាងគេ?
ទីផ្សារនាំចេញធំជាងគេបំផុតទាំង ៥ សម្រាប់មង្ឃុតថៃ កាលពីឆ្នាំ២០២៣ រួមមាន ៖
- ចិន (៩៣,៧%)
- វៀតណាម (៣,៣៣%)
- ហុងកុង (០,៦៩%)
- កូរ៉េខាងត្បូង (០,៥៩%)
- សហរដ្ឋអាមេរិក (០,២៩%) ។
បើតាមតួលេខចុះផ្សាយដោយសារព័ត៌មានថៃ កាលពីឆ្នាំ២០២៣ ចិននាំចូលមង្ឃុតសរុបជាទឹកប្រាក់ ៧៣០,៤១លានដុល្លារ ហើយថៃជាប្រទេសផ្គត់ផ្គង់មង្ឃុតទៅប្រទេសចិនច្រើនជាងគេបំផុត (៨៥% នៃចំណែកទីផ្សារ) ។
ចំណែកទីផ្សារជាង ១៤% ទៀត គឺមង្ឃុតឥណ្ឌូណេស៊ី និងមង្ឃុតម៉ាឡេស៊ីមានចំនួនតិចតួចបំផុត ៕


