ធនាគារអេស៊ីលីដា បានបង្ហាញអំពីសក្ដានុពលរបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនចុះបញ្ជីផ្សារភាគហ៊ុន នៅចំពោះមុខវិនិយោគិនជាតិ និងអន្តរជាតិជាច្រើន។

ការបង្ហាញពីសក្ដានុពលរបស់ធនាគារអេស៊ីលីដានេះបានធ្វើឡើងក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជី ក្រោមប្រធានបទ “វឌ្ឍនភាពរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី” នៅឯទីស្នាក់ការកណ្ដាលរបស់ធនាគារផ្ទាល់ ដែល​សហការរៀបចំ​ដោយ​ធនាគារ អេស៊ីលីដា និងផ្សារ​មូលបត្រ​កម្ពុជា (CSX) ។

ក្រៅពីការបង្ហាញពីសក្ដានុពលរបស់ខ្លួន ក៏មានការវិភាគថ្លៃភាគហ៊ុនរបស់ធនាគារអេស៊ីលីដា ដែលបានធ្វើឡើងដោយបណ្ដាក្រុមហ៊ុនដែលមានជំនាញក្នុងវិស័យភាគហ៊ុននេះដែរ ។

លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា មានប្រសាសន៍ថា វេទិកានេះ មានគោលបំណងជួយឱ្យវិនិយោគិនបច្ចុប្បន្ន និងវិនិយោគិនសក្ដានុពល កាន់តែមានព័ត៌មានច្បាស់លាស់ ងាយស្រួលក្នុងការធ្វើការសម្រេចចិត្តទាក់ទងនឹងការវិនិយោគភាគហ៊ុនជាមួយធនាគារអេស៊ីលីដា ។

លោកបណ្ឌិត អ៊ិន ចាន់នី មានប្រសាសន៍យ៉ាងដូច្នេះថា «[ខ្ញុំ]ចង់បញ្ជូនសារសម្រាប់វិនិយោគិនដែលមានស្រាប់ ឬវិនិយោគិនសក្ដានុពល ព្រោះព័ត៌មានវិភាគអម្បាញ់មិញហ្នឹង គឺវិភាគអស់ហើយ គ្រប់សាច់ គ្រប់ទាំងអស់ ថាតើនិន្នាការវាឡើងវាចុះ និងថាតើប្រភេទនៃទ្រព្យសកម្មរបស់យើង នៅពេលដែលយើងដាក់ជាឥណទាននៅក្នុងទីផ្សារនោះ វាមានចម្រុះភាពបែបណា ថាតើយើងមានបណ្ដុំនៅផ្នែកណាមួយ គឺយើងឃើញអស់ហើយ វិភាគនេះវិភាគអស់ហើយ តម្លៃវាជាក់ស្ដែងប៉ុណ្ណេះ ហើយតម្លៃទីផ្សារ[ប៉ុណ្ណោះ] គឺឃើញព័ត៌មានអស់។ ហើយកម្រិតនៃហានិភ័យហ្នឹងក៏អ្នកវិភាគបានផ្ដល់វិភាគលម្អិតផ្ដល់ព័ត៌មានអំពី ថាតើហានិភ័យមានកម្រិតណា ។»

លោកបានបន្តថា «វេទិកានេះមានសារៈសំខាន់ក្រៃលែង ដើម្បីឲ្យយើបានដឹងថាតើ វិនិយោគិនត្រូវធ្វើអ្វីក្នុងស្ថានភាពបែបហ្នឹង ត្រូវវិនិយោគ ត្រូវលក់ ត្រូវទិញ ឬក៏ត្រូវទៅធ្វើយ៉ាងដូចម្តេច។ អ៊ីចឹង ធនាគារអេស៊ីលីដា ក្នុងនាមជាថ្នាក់ដឹកនាំនៃក្រុមហ៊ុនបោះផ្សាយ ជាធនាគារតែមួយគត់ដែលបោះផ្សាយក្នុងផ្សារហ៊ុន ចង់បង្ហាញថា តម្លៃពិតប្រាកដរបស់អេស៊ីលីដានៅលើតម្លៃចុះបញ្ជីនោះឯង គេហៅ Book Value តម្លៃចុះ បញ្ជី ។ តម្លៃជួញដូរអាស្រ័យលើអ្នកលក់អ្នកទិញ អ្នកលក់ចង់លក់ឆាប់ អ្នកទិញចង់ទិញបានលឿន ក្នុងស្ថានភាពបែបនេះ យើងត្រូវធ្វើម៉េច ។»

ធនាគារអេស៊ីលីដា បានចាប់ផ្ដើមបោះផ្សាយលក់មូលបត្រ និងចុះបញ្ជីភាគហ៊ុនកាលពីឆ្នាំ​២០២០ ដោយពេលនោះមានវិនិយោគិន ប្រមាណជិត ២៥០០ គណនី ជាមួយនឹងភាគហ៊ុនចំនួនជាង ៤,៣ លាន ហ៊ុន ដែលស្មើនឹងជាង ១ ភាគរយនៃភាគហ៊ុនសរុបរបស់ធនាគារអេស៊ីលីដា។

គិតត្រឹមពាក់កណ្ដាលឆ្នាំនេះ នៅលើផ្សារមូលបត្រកម្ពុជា អេស៊ីលីដា មានវិនិយោគិនកើនឡើងដល់ជាង ១៨០០០ នាក់ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version