
នៅឆ្នាំនេះ ពិព័រណ៍ការងារនិងផលិតភាពជាតិ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៦-២៧ ខែតុលា ដែលនឹងផ្ដល់ឱកាសការងារជាង ៣ម៉ឺនកន្លែងដល់យុវជន ហើយគេរំពឹងថា ពិព័រណ៍នេះនឹងទាក់ទាញអ្នកចូលរួមប្រមាណជាង ៤ម៉ឺននាក់ ។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៧ តុលា ថា ពិព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ២០២៤នេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ហើយមានស្តង់សរុបជាង ១៨០ស្តង់ ។
ព្រឹត្តិការណ៍រៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងមានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) រួមនិងដៃគូពាក់ព័ន្ធជាច្រើនទៀត ។
ពិព័រណ៍ការងារពីរថ្ងៃនេះនឹងផ្ដល់ឱកាសដល់យុវជនដែលស្វែងរកការងារធ្វើ ចូលរួមដាក់ពាក្យនិងសម្ភាសការងារភ្លាមៗ និងស្វែងយល់ពីតម្រូវការជំនាញនៅក្នុងទីផ្សារការងារ ។
ទន្ទឹមនឹងនេះ ក៏នឹងមានការរៀបចំជាសិក្ខាសាលាផលិតភាព ដែលនឹងផ្តោតលើប្រធានបទ“ការបង្កើនផលិតភាព៖ ជំនាញ និងកំណើនប្រកបដោយចីរភាព” ដែលចូលរួមចែករំលែកចំណេះដឹងនិងបទពិសោធន៍ជុំវិញប្រធានបទផលិតភាពពីសំណាក់វាគ្មិនជំនាញជាច្រើនរូបផងដែរ ។
គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ក៏នឹងត្រូវរៀបចំតាមប្រព័ន្ធអនឡាញផងដែរ ដែលអ្នកស្វែងរកការងារធ្វើនៅទូទាំងប្រទេស អាចដាក់ពាក្យស្វែងរកការងារធ្វើតាមប្រព័ន្ធអនឡាញបានតាមរយៈ គេហទំព័រពិព័រណ៌ការងារ http:/careerfair.nea.gov.kh/។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរសព្ទ ០១៧ ៤៦៧ ៤២៣ ឬ លេខ Hotline របស់ក្រសួងការងារ ១២៩៧ ឬ ១២៨៦ ៕


