នៅឆ្នាំនេះ ពិព័រណ៍​ការងារ​និង​ផលិតភាព​ជាតិ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ២ថ្ងៃ គឺ​ថ្ងៃទី២៦-២៧ ខែតុលា ដែល​នឹង​ផ្ដល់​ឱកាស​ការងារជាង ៣ម៉ឺនកន្លែងដល់យុវជន ហើយគេរំពឹងថា ពិព័រណ៍នេះនឹងទាក់ទាញអ្នកចូលរួមប្រមាណជាង ៤ម៉ឺននាក់ ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជា​អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​ទី១៧ តុលា ថា ពិព័រណ៍​ការងារ​និង​ផលិតភាព​ជាតិ​ឆ្នាំ២០២៤នេះ មានការចូលរួម​ពី​សំណាក់​ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​ចំនួន​ប្រមាណ ១៥០ ហើយ​មាន​ស្តង់​សរុប​ជាង ១៨០​ស្តង់ ។

ព្រឹត្តិការណ៍រៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយ​សហការជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជ​ធានី​ភ្នំពេញ សមាគម​វាយនភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និងផលិតផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា (TAFTAC) មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងមានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) រួមនិងដៃគូពាក់ព័ន្ធជាច្រើនទៀត ។

ពិព័រណ៍ការងារពីរថ្ងៃនេះនឹងផ្ដល់ឱកាសដល់យុវជនដែលស្វែងរកការងារធ្វើ ចូលរួមដាក់ពាក្យនិងសម្ភាសការងារភ្លាមៗ និងស្វែងយល់ពីតម្រូវការជំនាញនៅក្នុងទីផ្សារការងារ ។

ទន្ទឹមនឹងនេះ ក៏នឹងមានការរៀបចំជាសិក្ខាសាលាផលិតភាព ដែលនឹងផ្តោតលើប្រធានបទ“ការបង្កើនផលិតភាព៖ ជំនាញ និងកំណើនប្រកបដោយចីរភាព” ដែលចូលរួមចែករំលែកចំណេះដឹង​និង​បទពិសោធន៍​ជុំវិញប្រធានបទផលិតភាពពីសំណាក់វាគ្មិនជំនាញជាច្រើនរូបផងដែរ ។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ក៏នឹងត្រូវរៀបចំតាមប្រព័ន្ធអនឡាញផងដែរ ដែលអ្នកស្វែងរកការងារធ្វើនៅទូទាំងប្រទេស អាចដាក់ពាក្យស្វែងរកការងារធ្វើតាមប្រព័ន្ធអនឡាញបានតាមរយៈ គេហទំព័រពិព័រណ៌ការងារ http:/careerfair.nea.gov.kh/។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរសព្ទ ០១៧ ៤៦៧ ៤២៣ ឬ លេខ Hotline របស់ក្រសួងការងារ ១២៩៧ ឬ ១២៨៦

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version