រដ្ឋាភិបាលថៃកំពុងមាន​ផែនការ​ផ្ដល់​កម្ចី​អនុគ្រោះ​ ឬកម្ចី​ការប្រាក់ទាប​ចំនួន ៥៥ពាន់លានបាត (១,៦៦ពាន់​លានដុល្លារ) ដើម្បីគាំទ្រ​ដល់​វិស័យ​អចលនទ្រព្យ​ និង​ជួយ​ជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស ។

នេះបើ​យោង​តាម​សារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ដែល​ដកស្រង់​សម្ដី​អនុរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ថៃ ផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ។

ផែនការនេះ​នឹង​ត្រូវ​ដាក់​ជូន​ទៅ​គណៈរដ្ឋមន្ត្រី​ដើម្បីសុំ​ការអនុម័ត ។

លោកអនុរដ្ឋមន្ត្រី​បាននិយាយថា វិធានការ​ជំរុញ​វិស័យ​អចលនទ្រព្យ​ថ្មីនេះ នឹង​ផ្ដោត​ទៅលើ​ទាំង​​តម្រូវការ និង​ទាំង​ការផ្គត់ផ្គង់ ដើម្បី​ជួយ​ដល់អ្នកទិញផង និង​អ្នក​អភិវឌ្ឍ​ផង ។

លោកថា កន្លងមក វិធានការ​ដែលបានដាក់ចេញពីមុនៗ ត្រូវ​បានប្រើប្រាស់​អស់​ហើយ ដូច្នេះ រដ្ឋាភិបាលចាំបាច់​ត្រូវដាក់ចេញវិធានការថ្មី​ទៀត ដើម្បី​សង្គ្រោះ​វិស័យ​អចលនទ្រព្យ ។

ថ្មីៗនេះ ក្រសួង​ហិរញ្ញវត្ថុថៃ​បាន​ប្រើប្រាស់​ស្ថាប័ន​ហិរញ្ញវត្ថុរដ្ឋ​ ដូចជា ធនាគារ​លំនៅដ្ឋាន​រដ្ឋ ដើម្បី​ជួយទ្រទ្រង់​ដល់​វិស័យ​អចលនទ្រព្យ ដោយ​ដាក់ចេញ​នូវ​កម្មវិធី​កម្ចី​ការប្រាក់ទាប សរុប ២០ពាន់លានបាត ។

កម្មវិធីកម្ចីនេះ​ផ្ដល់លក្ខខណ្ឌ​កម្ចី​ដែលមានភាពបត់បែន ដើម្បីជួយ​ដល់​ប្រជាជន​ដែលមានចំណូលទាប អាចទិញផ្ទះបង់រំលស់​បាន ដោយ​ប្រជាជន​ម្នាក់​អាច​ខ្ចី​បាន​ច្រើនបំផុត ៣លានបាត ក្នុងអត្រាការប្រាក់​ថេរ ៣% ក្នុង​អំឡុងពេល ៥ឆ្នាំដំបូង ។

បច្ចុប្បន្ន កម្មវិធីកម្ចីនេះ​បាន​ប្រើប្រាស់​អស់​ហើយ ពោលគឺ​ប្រាក់កម្ចី​ទាំង ២០ពាន់លានបាត បាន​បញ្ចេញគ្រប់ចំនួនហើយ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version