“ហាងអ្ហែង! សេវាយឺតម៉េះអ្ហាះ!” “ងាប់ហើយអ្ហា! ម្ហូបហៅកន្លះម៉ោងមិនទាន់បានទៀត ?”

ទាំងនេះជាពាក្យពេចន៍រអ៊ូរទាំរបស់ភ្ញៀវខ្លះដែលចូលហូបអាហារតាមហាងនៅក្នុងអំឡុងពេលបុណ្យទានធំៗម្ដងៗ ។

នៅស្រុកយើង មានថ្ងៃបុណ្យឈប់សម្រាកវែងៗពីរដងក្នុងមួយឆ្នាំ គឺ បុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលជារឿយៗ ថ្ងៃឈប់សម្រាកពីការងារមានពី ៣ថ្ងៃ ទៅ ៥ថ្ងៃ បើថ្ងៃឈប់ជាប់គ្នានឹងថ្ងៃសៅរ៍អាទិត្យផងនោះ ។

មែនទែនទៅ រៀងរាល់ថ្ងៃបុណ្យធំៗបែបនេះ កម្មករនិយោជិតភាគច្រើនបំផុតបានឈប់សម្រាកពីការងារ ប៉ុន្តែ បុគ្គលិកក្នុងវិស័យសេវាកម្មមួយចំនួនមិនបានឈប់សម្រាកទេ ដូចជា នៅតាមភោជនីយដ្ឋាន រមណីយដ្ឋាន ឬមណ្ឌលកម្សាន្តនានា ។ មិនបានឈប់សម្រាក ក៏ព្រោះតែសេវាកម្មទាំងនេះសំខាន់ចាំបាច់ក្នុងអំឡុងពេលបុណ្យទានបែបនេះ ហើយមួយវិញទៀត ពួកគេថែមទាំងត្រូវធ្វើការមមាញឹកលើសថ្ងៃធម្មតាទៅទៀត ។

ចរិតលក្ខណៈនៃអាជីវកម្មខាងលើ គឺរកចំណូលបានច្រើនជាងធម្មតា តែក្នុងអំឡុងពេលបុណ្យជាតិធំៗទាំងនេះហើយ ដោយសារមនុស្សម្នាដែលឈប់សម្រាកនាំគ្នាដើរលេងកម្សាន្តច្រើន ។

ដូច្នេះ ក្នុងអំឡុងបុណ្យទានបែបនេះ នៅតាមភោជនីយដ្ឋាន មណ្ឌលកម្សាន្ត ឬរមណីយដ្ឋាន គឺមានភាពមមាញឹកខ្លាំងលើសសព្វដង នាំឱ្យមានភាពយឺតយ៉ាវក្នុងការបម្រើសេវាកម្មដោយចៀសមិនរួច ។

មួយជ្រុងតូច គឺគេឃើញភ្ញៀវខ្លះក៏ខឹងសម្បា អន់ចិត្ត រអ៊ូរទាំ ខ្លះក៏ធ្លាយចេញពាក្យសម្ដីគំរោះគំរើយដាក់បុគ្គលិក ឬអ្នករត់តុ ។ល។ និង ។ល។

ខ្ញុំគិតថា ក្នុងអំឡុងពេលបែបនេះ ជាភ្ញៀវ យើងគួរមានភាពអត់ធ្មត់ ខន្តី អត់ឱន និងអធ្យាស្រ័យចំពោះការយឺតយ៉ាវខ្លះ ដូចបានលើកឡើង ។ មួយវិញទៀត ម្ចាស់​ហាងគួរ​ប្រាប់​ភ្ញៀវ​ជាមុន​អំពី​ការ​យឺត​យ៉ាវ​ខ្លះ ដោយសារតែ​វាជាពេលបុណ្យទាន ភ្ញៀវច្រើន និង​ហាងមានបុគ្គលិកតិច ជាដើម ដើម្បី​ភ្ញៀវ​ដឹង​ជាមុន និងមានជម្រើស​ចាកចេញ បើ​ពួកគាត់​មិនចង់រង់ចាំ ។

ពាក់ព័ន្ធនឹងរឿងនេះ គេឃើញក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានចេញជាលិខិតអំពាវនាវផងដែរ និងបានអរគុណដល់បុគ្គលិក កម្មករ និយោជិត ដែលបានលះបង់ពេលវេលានិងកម្លាំងកាយចិត្តបំពេញការងារនៅថ្ងៃឈប់សម្រាក ដើម្បីនិរន្តរភាពនៃសកម្មភាពសេដ្ឋកិច្ច និងការបម្រើសេវាកម្មជូនប្រជាជននៅទាំងប្រទេស ។

ជំនួស​ការ​រិះគន់ គេ​គួរ​លើក​ទឹក​ចិត្ត​និង​អរគុណដល់អ្នករត់តុក្ដី អ្នកសន្តិសុខក្ដី ម្ចាស់ហាងក្ដី ដែលនៅបម្រើសេវាកម្មក្នុងអំឡុងពេលប្រជាជនមួយភាគធំឈប់សម្រាក និងរីករាយកម្សាន្តនៅថ្ងៃបុណ្យ ។

ដូច្នេះ ទាំងភ្ញៀវ ទាំងអ្នកបម្រើសេវាកម្ម ខ្ញុំជឿថា យើងអាចធ្វើបាន ដោយមិនពិបាកអ្វីទេ ត្រឹមតែការអត់ធ្មត់ ផ្ដល់ស្នាមញញឹមឱ្យគ្នាទៅវិញទៅមក ទទួលនិងផ្ដល់សេវា ក្នុងអំឡុងពេលបុណ្យទាន ដែលវាបង្ហាញពីចរិតថ្លៃថ្នូរ អត់ឱន និងរាក់ទាក់របស់ពលរដ្ឋខ្មែរជាពុទ្ធសាសនិកផងដែរ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version