ធនាគារ អេស៊ីលីដា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ សមាគមអ៊ីស្លាម អាម៉ាណះតាកាហ្វុលកម្ពុជា ហៅកាត់ថា កាតា (CATA) ស្តីពី ការអនុវត្តកម្មវិធីគម្រោង “លុយខ្ញុំស្អាត”។

ពិធីចុះ អនុស្សរណៈនេះធ្វើឡើង ក្រោមអធិបតីភាព របស់អ្នកឧកញ៉ា ដាតុ បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

អ្នកឧកញ៉ា ដាតុ បណ្ឌិត អូស្មាន ហាស្សាន់ មានប្រសាសន៍ថា គម្រោង “លុយខ្ញុំ​ស្អាត” នេះ ត្រូវបានរៀបចំឡើង ដើម្បី​អនុញ្ញាត​ឱ្យ​ពលរដ្ឋខ្មែរអ៊ីស្លាម អាច​ទុកដាក់ប្រាក់នៅធានគារ​បានដោយសុវត្ថិភាព និងមិនបាត់បង់ ហើយថែមទាំង​ត្រឹមត្រូវតាមច្បាប់​វិន័យរបស់សាសនា​អ៊ីស្លាមថែមទៀត ។

អ្នកឧកញ៉ា ដាតុ បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស មានប្រសាសន៍ថា៖ “អ្វីដែល​មានការ​លំបាកកន្លងមកនោះគឺដោយសារ​តែបងប្អូនយើង គឺប្រកាន់ខ្ជាប់ខ្ជួននូវច្បាប់​របស់អ៊ីស្លាម ហើយនៅពេលដែល ការ​ប្រកាន់ខ្ជាប់ខ្ជួននេះហើយដែលធ្វើឲ្យគាត់មិនអាចធ្វើអ្វីដែលខុសពីច្បាប់របស់អ៊ីស្លាម ។ ចឹងបានហើយបានជាសហគមន៍អ៊ីស្លាម ថ្នាក់ដឹកនាំអ៊ីស្លាមនឹកថា រកមធ្យោបាយអ្វីមួយ ដើម្បីឱ្យគាត់​នឹងមាន​ការទទួលបានសេវា​ដូចជា​ប្រជាពលរដ្ឋ​យើងជាទូទៅ នៅកម្ពុជាដែរ ហើយសម្រួលជូនគាត់ ហើយក៏ដូចជាការ​ពារ​ប្រយោជន៍ជូនគាត់ ។ កន្លងទៅ គឺថា តែងតែមានការ​ស្នើ ការ​សំណូមពរពីបងប្អូនយើងជាទូទៅ ថាធ្វើម៉េច​មានធនាគារ​ណាមួយដែលអាច​រក្សា​ទុកប្រាក់ស្អាត​ជូនគាត់បាន។ គាត់អត់ចង់បានកម្រៃពីការប្រាក់​ ឬក៏អត្ថប្រយោជន៍ផ្សេងៗនោះ យក​ទៅឡូកឡំជាមួយលុយរបស់គាត់ទេ ។ ព្រោះកាលណាឡូកឡំទៅ វាមានការ​ខ្វែង​ជាមួយនឹង​ច្បាប់របស់អ៊ីស្លាម ដែលហៅច្បាប់សារីអះហ្នឹង ។ អ៊ីចឹង​បានជាគាត់ បានឯកភាពថា បើសិនជា​មាន ពួកគាត់នឹងមកបើកគណនីជាមួយធនាគារ ហើយ​ប្រាក់កម្រៃផ្សេងៗ គាត់ឱ្យធនាគារកាត់ចូលទៅសមាគម ដើម្បីយកទៅ​បម្រើផលប្រយោជន៍អី្វដែលត្រឹមត្រូវទៅតាមច្បាប់របស់អ៊ីស្លាម ដូចជា​យកទៅសាង​សង់ធ្វើផ្លូវ ធ្វើមន្ទីរពេទ្យ ធ្វើ​សាលារៀន ធ្វើអ្វីផ្សេងៗដែលស្របជាមួយនឹង​ច្បាប់ហ្នឹង” ។​

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ភាពជាដៃគូនេះ បានផ្តល់នូវមធ្យោបាយហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងសុវត្ថិភាព ទៅតាមគោលការណ៍នៃកម្មវិធីគម្រោង “លុយខ្ញុំស្អាត” របស់សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ដែលអនុញ្ញាតឱ្យបងប្អូនខ្មែរឥស្លាមអាចដាក់ប្រាក់សន្សំ​ក្នុងគម្រោង “លុយខ្ញុំស្អាត” ហើយការប្រាក់ដែលទទួលបាននឹងបរិច្ចាគដោយស្ម័គ្រចិត្ត នឹងកាត់ចេញដោយស្វ័យប្រវត្តិចូលទៅគណនី CATA ដែលមាននៅ ធនាគារ អេស៊ីលីដា សម្រាប់ប្រើប្រាស់នៅក្នុងគម្រោងសហគមន៍ និងសកម្មភាពសប្បុរសធម៌នានា នៅក្នុងគម្រោង “លុយខ្ញុំស្អាត” ។”

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា មានប្រសាសន៍ថា៖ “ខ្ញុំមានធនធានមនុស្ស​របស់យើង​ដែលជាអ្នកកាន់សាសនា​អ៊ីស្លាមហើយស្រាប់​ ហៅថា​ខ្មែរអ៊ីស្លាម ដែលបម្រើជាបុគ្គលិក​របស់ធនាគារ​អេស៊ីលីដា នៅគ្រប់សាខា​ខេត្តក្រុងទាំងអស់ ៤០ នាក់ជាង ហើយគាត់នៅតាមបញ្ជរទាំងអស់ ហើយយើង​រៀបចំបញ្ជរ​សម្រាប់បម្រើសហគមន៍អ៊ីស្លាម​។ ពេលគាត់ទៅ គឺយើងមានទម្រង់ សម្រាប់​បើកគណនី បើកអីសម្រាប់បម្រើ​ជូនគាត់ យើង​កត់ត្រាទុក នៅក្នុងប្រព័ន្ធរបស់យើងថា អ៊ីស្លាមចឹងទៅ ដើម្បីឲ្យយើងអនុលោមឲ្យត្រូវ​ជាមួយនឹងអនុស្សរណៈរបស់យើង ដែលកាតាគាត់ចង់បាន ដើម្បីឲ្យយើងងាយស្រួលក្នុងការកាត់កងការប្រាក់ដើម្បីបញ្ចូលទៅក្នុង​គណនីរបស់កាតា ។ ចឹង​យើងមាន​បុគ្គលិក​សម្រាប់បម្រើការ យើងមានទម្រង់បែបបទតម្រូវទៅតាម​បងប្អូនខ្មែរអ៊ីស្លាម ហើយយើងមាន​មធ្យោបាយជូនដំណឹងទៅគាត់ ហើយយើង​សហប្រតិបត្តិការ​ជាមួយកាតា” ។

ជា មករា ជាប្រធាន​ផ្នែក​មាតិកា និងជាអ្នកនិពន្ធ​អត្ថបទ​ទូទៅ ប្រចាំ​នៅ ពិត មេឌា ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version