អគារចំនួន ១៦៩ នៅក្នុងទីក្រុងបាងកក​ ប្រទេសថៃ បានប្រេះ ដោយសារតែ​រញ្ជួយដីកម្លាំង ៧,៧ រិចស្ទ័រ នៅប្រទេសមីយ៉ាន់ម៉ា កាលពីសប្ដាហ៍មុននោះ ។

អាជ្ញាធរក្រុងបាងកកបាននិយាយថា ស្នាមប្រេះ និងការខូចខាតភាគច្រើន គឺកើតមានចំពោះអគារ​ដែលកំពុងសាងសង់​ ខណៈអគារកំពុងសាងសង់មួយកម្ពស់ ៣៣ ជាន់ បានដួលរលំបាក់ទាំងស្រុង។

ការដួលរលំអគារ ៣៣ ជាន់នេះ បានធ្វើឲ្យមនុស្សចំនួនជាង ៨០ នាក់ជាប់នៅក្នុងនោះ ដោយមានមនុស្សយ៉ាងតិច ១៣ នាក់បានស្លាប់ ខណៈ ៧៤ នាក់កំពុងបាត់ខ្លួននៅឡើយ បើគិត​ត្រឹមថ្ងៃទី ០១ ខែមេសានេះ។

អភិបាលក្រុងបាងកក លោក ឆាដឆាត សុទិផាន់ បាននិយាយថា ស្នាមប្រេះលើអគារ​បែបនេះ ជាសញ្ញា​បង្ហាញពីការ​ខូចខាតលើគ្រោងអគារ​ ។ លោកបានជំរុញដល់ប្រជាពលរដ្ឋ​រាយការណ៍ក្នុងករណីមានរកឃើញ​ការ​ខូចខាត​ ឬស្នាមប្រេះណាមួយកើតមានចំពោះអគារ​ផ្សេង​ៗ​ទៀត ។

ចំណែកឯប្រទេស​មីយ៉ាន់ម៉ា ដែល​កើតមានគ្រោះ​រញ្ជួយដីឯណោះវិញ កំពុង​ជួបការលំបាក​ដោយសារគ្រោះរញ្ជួយដីមូយនេះ ដែលមានកម្លាំងខ្លាំងក្លាបំផុតក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ក្នុងរយៈពេលមួយសតវត្សរ៍មកនេះ ។

ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ជាង ២ ពាន់នាក់បានស្លាប់បាត់បង់ជីវិត​ ដោយសារ​គ្រោះរញ្ជួយដីនេះ បានបង្កើតជា​រំញ័រយ៉ាងខ្លាំង​ដល់បណ្ដាប្រទេស​ផ្សេងទៀត មានដូចជា​ថៃ និងវៀតណាមជាដើម ។

រូបភាព៖ Pixabay

ជា មករា ជាប្រធាន​ផ្នែក​មាតិកា និងជាអ្នកនិពន្ធ​អត្ថបទ​ទូទៅ ប្រចាំ​នៅ ពិត មេឌា ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version