បុរសវៀតណាមម្នាក់នៅខេត្តត្រាវិញ ប្រឈមនឹងខាតបង់លុយជិត ១៦ ម៉ឺនដុល្លារ ដោយសារតែសន្លឹកឆ្នោតរបស់គាត់ពីរសន្លឹក ដែលជាសន្លឹកឆ្នោតឈ្នះរង្វាន់នោះ បានខូចដោយសារតែទឹក ។
បុរសនោះ មានឈ្មោះថា ខាច់ ខាមួ អាយុ ៤១ ឆ្នាំ ដោយលោកបាននិយាយថា លោកបានទិញឆ្នោតចំនួន ១០ សន្លឹក ដែលមានលេខរៀង ៩១៦៣០៣ កាលពីថ្ងៃទី ០១ ខែកុម្ភៈ ។ គាត់បានចែកឆ្នោត ៨ សន្លឹកទៅឲ្យបងប្អូន ហើយទុកខ្លួនឯងតែ ២ សន្លឹកប៉ុណ្ណោះ ។

បន្ទាប់មក គាត់ក៏បានចេញទៅនេសាទក្ដាម ដោយដាក់សន្លឹកឆ្នោតក្នុងហោប៉ៅ ហើយសន្លឹកឆ្នោតក៏បានសើម ហើយរហែក ដែលធ្វើឲ្យរលុបលេខ ពិបាកមើល។
សាច់ញាត់របស់គាត់ម្នាក់បានដឹងថា សន្លឹកឆ្នោតដែលពួកគេមានក្នុងដៃ បានឈ្នះ ហើយក៏បានជូនដំណឹងដល់ លោក ខាច់ ខាមូ នោះ ។ នៅថ្ងៃបន្ទាប់ ឆ្នោត ៨ សន្លឹកដែលគាត់បានចែកទៅឲ្យបងប្អូន បានយកទៅប្ដូរយកលុយ ទទួលបានមួយសន្លឹក ៧១.៤០០ ដុល្លារ ក្រោយកាត់ពន្ធ ។
ប៉ុន្តែ សន្លឹកឆ្នោតរបស់លោក ខាច់ ខាមួ ត្រូវបានគេចាត់ទុកថា មិនអាចទាមទារយកលុយបានឡើយ។
ក្រុមគ្រួសារបាននិយាយថា លោក ខាច់ ខាមួ បានបាក់ទឹកចិត្ត ប៉ុន្តែ បងប្អូនរបស់គាត់ ក៏នាំគ្នាចែកប្រាក់សរុបជិត ៤ ម៉ឺនដុល្លារដល់គាត់វិញ ដើម្បីជាការលួងចិត្ត។
តូបលក់ឆ្នោតនៅក្នុងខេត្តត្រាវិញនោះ នៅពេលនេះកំពុងជួយលោក ខាច់ ខាមួ ដើម្បីជួសជុលសន្លឹកឆ្នោត ក្រែងទទួលបានការវាយតម្លៃជាថ្មីពីក្រុមហ៊ុន។
ក្រុមហ៊ុនឆ្នោតបាននិយាយថា បើប្អែកតាមក្បួនច្បាប់បច្ចុប្បន្ន ពួកគេមិនអាចផ្ដល់ប្រាក់ដល់លោក ខាច់ ខាមួ បានទេ ដោយសារតែសន្លឹកឆ្នោតរបស់គាត់ទក់ខ្លាំងពេក ។