
កាសែតអាមេរិកាំងដ៏ល្បីល្បាញ The New York Times បានទទួលអាជ្ញាប័ណ្ណបើកការិយាល័យអចិន្ត្រៃយ៍នៅក្នុងប្រទេសវៀតណាម ហើយការិយាល័យនេះអាចនឹងចាប់ផ្តើមដំណើរការនៅខែក្រោយ ។
សារព័ត៌មានវៀតណាមបានចុះផ្សាយថា អនុរដ្ឋមន្ត្រីការបរទេស លោកស្រី Le Thi Thu Hang បានប្រគល់ជូនអាជ្ញាប័ណ្ណដល់លោក Damien Cave ដែលជាប្រធានតំណាងការិយាល័យថ្មីរបស់កាសែត The New York Times ប្រចាំប្រទេសវៀតណាម នៅក្នុងពិធីមួយនៅឯទីស្នាក់ការក្រសួងការបរទេសនាទីក្រុងហាណូយ កាលពីថ្ងៃព្រហស្បតិ៍ ។
លោកស្រីអនុរដ្ឋមន្ត្រីការបរទេសបាននិយាយថា ការបើកការិយាល័យនៅវៀតណាមនឹងផ្តល់ឱកាសឱ្យកាសែត The New York Times ធ្វើសកម្មភាពរាយការណ៍ព័ត៌មាននៅក្នុងប្រទេសវៀតណាម ដោយផ្សាយព័ត៌មានបន្ថែមអំពីប្រទេសនេះ និងតំបន់ ។ លោកស្រីជឿជាក់ថា វត្តមានកាសែតអាមេរិកាំងនេះនឹងជួយឱ្យសហគមន៍អន្តរជាតិយល់ដឹងកាន់តែស៊ីជម្រៅអំពីវៀតណាម និងប្រជាជនវៀតណាម ។
លោកស្រីក៏រំពឹងដែរថា ការិយាល័យរបស់ The New York Times នឹងផលិតអត្ថបទស៊ីជម្រៅអំពីទំនាក់ទំនងវៀតណាម-អាមេរិក ស្របពេលដែលប្រទេសទាំងពីរនឹងប្រារព្ធខួបលើកទី៣០នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ ។
លោក Cave តំណាងកាសែត The New York Times ប្រចាំវៀតណាម បាននិយាយថា ការសម្រេចចិត្តបើកការិយាល័យនៅប្រទេសនេះឆ្លុះបញ្ចាំងពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើងរបស់សហរដ្ឋអាមេរិក និងប្រព័ន្ធផ្សព្វផ្សាយពិភពលោកមកលើប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។
លោកបាននិយាយថា ជំហរនិងតួនាទីរបស់វៀតណាមនៅលើឆាកអន្តរជាតិកំពុងរីកកាន់តែធំ ហើយថា ទំនាក់ទំនងវៀតណាម-អាមេរិកក៏រីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ។ កាសែត The New York Times មានគោលបំណងចូលរួមចំណែកក្នុងការរាយការណ៍ព័ត៌មានប្រកបដោយភាពត្រឹមត្រូវ និងអព្យាក្រឹត្យអំពីដំណើរផ្លាស់ប្តូររបស់វៀតណាម និងការវិវត្តនៃទំនាក់ទំនងវៀតណាម-អាមេរិក ។
កាសែត The New York Times ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៥១ គឺជាកាសែតដ៏មានកិត្យានុភាពបំផុតមួយនៅក្នុងសហរដ្ឋអាមេរិក និងនៅលើពិភពលោក ។ កាសែតនេះបានឈ្នះពានរង្វាន់ Pulitzer ចំនួន១៣២លើក ដែលជាកិត្តិយសខ្ពស់បំផុតក្នុងវិស័យសារព័ត៌មាន ។ កាសែត The New York Times បានសម្ភាសលោក ហូ ជីមិញ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៤៦ ៕


