ធនាគារ អេស៊ីលីដា និង​ក្រសួង​មហាផ្ទៃ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្ដីពី​ការប្រើប្រាស់​សេវាកម្ម​ទូទាត់​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក របស់​ធនាគារ អេស៊ីលីដា សម្រាប់​ប្រមូល​កម្រៃ​ទិដ្ឋាការ​ពី​អតិថិជន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក សលាកបត្រចូល​ព្រះរាជាណាចក្រ​កម្ពុជា ។

ពិធីចុះហត្ថលេខានេះបានធ្វើឡើង នៅទីស្តីការក្រសួងមហាផ្ទៃរវាង នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ និងបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

ពិធីចុះអនុស្សរណៈនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជំនាញមួយចំនួនទៀតរបស់ក្រសួងមហាផ្ទៃ និងធនាគារ អេស៊ីលីដាផងដែរ។

ថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា ថតរូបអនុស្សាវរីយ៍ នាពិធីចុះហត្ថលេខាជាមួយក្រសួងមហាផ្ទៃ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ អ្នកដំណើរដែលបំពេញបែបបទ និងស្នើសុំវីសានៅតាមបញ្ជរអាកាសយាន្តដ្ឋានអន្តរជាតិនៅកម្ពុជា អាចទូទាត់កម្រៃសេវាទិដ្ឋាការតាមរយៈសេវាកម្មធនាគារ អេស៊ីលីដា ម៉ាស៊ីនឆូតកាត (POS Terminal) ដែលអាចប្រើជាមួយប្រភេទកាត Master Card, Visa Card, Union Pay, JCB, Dinner Club International និងស្កេនអេចឃ្យូអរកូត (KHQR Code)។

អនុស្សរណៈ នៃការយោគយល់គ្នានេះ មានសារៈសំខាន់ខ្លាំងណាស់ ដោយផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍនៃប្រព័ន្ធបច្ចេកវិទ្យា និងផ្ដល់ភាពងាយស្រួល ឆាប់រហ័ស ជូនដល់អ្នកដំណើរអន្តរជាតិធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីទទួលបានទិដ្ឋាការ និងបំពេញសលាកបត្រចូលប្រទេសកម្ពុជាតាមប្រព័ន្ធអនឡាញ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version