
នៅក្នុងឆមាសទីមួយ ពោលគឺពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ ហាងកាហ្វេជាង ៣ម៉ឺនកន្លែង បានបិទទ្វារនៅប្រទេសវៀតណាម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ។
ការបិទទ្វារហាងកាហ្វេដ៏ច្រើននេះ គឺដោយសារតែប្រជាជនបានកាត់បន្ថយការទៅទទួលទានអាហារ ឬភេសជ្ជៈនៅតាមហាងកាហ្វេ ។
របាយការណ៍មួយដែលចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវ iPOS បានបង្ហាញថា ចំនួនហាងកាហ្វេឬអាហារដ្ឋានដែលបិទទ្វារក្រោយពីបើកបាន ៣ខែ មានកំណើនខ្ពស់ខ្លាំង ជាពិសេស នៅតាមទីក្រុងធំៗ ។
របាយការណ៍ដដែល ក៏បាននិយាយដែរថា សូម្បីតែហាងល្បីៗដែលមានអតិថិជនស្មោះស្ម័គ្រក្ដី ក៏ទទួលរងផលប៉ះពាល់ពីបញ្ហាធ្លាក់ចុះសេដ្ឋកិច្ចផងដែរ ។
គេបានបន្ទោសថា ការបិទហាងកាហ្វេគឺបណ្ដាលមកពីបញ្ហាអតិផរណា និងការលក់ប្រូម៉ូសិនដេញជើងគ្នាច្រើនហួសហេតុនៅក្នុងវិស័យអាហារនិងភេសជ្ជៈនេះ ។
នៅក្នុងការស្ទង់មតិអតិថិជន ២៣០០នាក់ ក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ គេបានរកឃើញថា មានអតិថិជនតែ ១,៧% ប៉ុណ្ណោះ ដែលហ៊ានចំណាយ ១សែនដុង ឬ ៤ដុល្លារ ទៅលើភេសជ្ជៈ ឬកាហ្វេ បើធៀបនឹង ៦% នៅក្នុងការស្ទង់មតិឆ្នាំមុន ។
ការស្ទង់មតិហាងកាហ្វេ ៩៥១កន្លែង នៅហាណូយ និងហូជីមិញ បានរកឃើញថា មានតែ ១ភាគ៣ប៉ុណ្ណោះដែលមានផែនការពង្រីកអាជីវកម្ម ។ កាលពីឆ្នាំមុន ការស្ទង់មតិរកឃើញថា ជាងពាក់កណ្ដាលនៃហាងកាហ្វេ មានផែនការពង្រីកអាជីវកម្ម ៕


