សាកល​វិទ្យាល័យ​ពាណិជ្ជសាស្ត្រអេស៊ីលីដា និង​និយ័តករមូលបត្រកម្ពុជា បាន​ចុះអនុស្សរណៈ​នៃ​ការយោគយល់គ្នា​លើ​កិច្ចសហប្រតិបត្តិការ​លើក​កម្ពស់​ការយល់ដឹង​និង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុង​វិស័យមូលបត្រ​នៅ​កម្ពុជា ។

ពិធីចុះហត្ថលេខាលើ​អនុស្សរណៈយោគយល់គ្នា​នេះបានធ្វើឡើងនៅឯសាកល​វិទ្យាល័យ​ពាណិជ្ជសាស្ត្រអេស៊ីលីដា ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃចន្ទ រវាង លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងលោក ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ដោយមានការចូលរួមពី ថ្នាក់គ្រប់គ្រងរបស់ធនាគារអេស៊ីលីដា បណ្ឌិត អ៊ិន ចាន់នី និងតំណាង មកពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ នៃធនាគារពិភពលោក ។

លោក​បណ្ឌិត ផុន ណារិន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា មានប្រសាសន៍ថា ការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមូលបត្រដល់និស្សិត ដែលជាវិនិយោគិនដ៏មានសក្ដានុពលនាពេលអនាគត ពិតជាមានសារ​សំខាន់ណាស់ សម្រាប់ការចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ។

ពិធីចុះ MoU
សាកលវិទ្យាល័យអេស៊ីលីដា និងនិយ័តករមូលប័ត្រកម្ពុជា ចាប់ដៃគ្នា ពង្រឹងធនធានមនុស្សក្នុងវិស័យមូលបត្រ ។

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយក​នៃ​និយ័តករមូលបត្រ​កម្ពុជា បានថ្លែងថា នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នានេះ ក៏នឹងមានការបញ្ចូល​កម្មវិធី​អភិបាលកិច្ចសាជីវកម្ម ផងដែរ ។

លោកបានបន្តថា អនុស្សរណៈនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ធនធាន​មនុស្ស​ក្នុងវិស័យមូលបត្រ ហើយ​និយ័តករមូលបត្រកម្ពុជា​នឹង​ធ្វើការ​ជាមួយ​សាកលវិទ្យាល័យអេស៊ីលីដា ក្នុងការបណ្ដុះបណ្ដាល​ទាក់ទង​នឹង​អភិបាលកិច្ច​សាជីវកកម្ម ។

លោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា៖ «កម្មវីធីនាថ្ងៃនេះ ជាសក្ខីភាពមួយរវាងនិយ័តករមូលបត្រកម្ពុជា និង សាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហការក្នុងការបង្កើនការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុង វិស័យមូលបត្រនៅកម្ពុជា។ វិស័យមូលបត្រ ជាជំនាញមួយដ៏សំខាន់សម្រាប់និស្សិតគួរតែសិក្សារៀនសូត្រ ដើម្បីទាញប្រយោជន៍ពីជំនាញនេះក្នុងការកសាងសុខុមាលភាពហិរញ្ញវត្ថុរបស់ខ្លួនកាន់តែប្រសើរ និងសម្រេចជោគជ័យនូវគោលដៅហិរញ្ញវត្ថុនាពេលអនាគត។ ជាមួយគ្នានេះ មុននឹងគិតគូរដល់ការវិនិយោគ ប្អូនៗនិស្សិតត្រូវរៀនសន្សំជាមុនសិន ដោយកាត់បន្ថយចំណាយមិនចាំបាច់ គឺជាយន្តការសន្សំដ៏មានប្រសិទ្ធភាព ។»

ថ្នាក់ដឹកនាំនិយ័តករ​មូលបត្រ​កម្ពុជា ធនាគារ​អេស៊ីលីដា និង​សាកលវិទ្យាល័យ​ពាណិជ្ជសាស្ត្រ​អេស៊ីលីដា ថតរូបអនុស្សាវរីយ៍​ជាមួយគ្នា ។

ក្នុងឱកាសនេះដែរ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងជាតំណាងភាគហ៊ុនិកនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានមានប្រសាន៍ថា កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ជាមួយនឹង និយ័តករមូលបត្រកម្ពុជ គឺជាមាគ៌ាថ្មីមួយដែលនឹងផ្ដល់វគ្គបណ្តុះបណ្តាលដ៏មានសក្តានុពលក្នុងវិស័យមូលបត្រ ជូនដល់និស្សិត សាធារណៈជន សមាជិកក្រុមប្រឹក្សាភិបាល ឬអភិបាលក្រុមហ៊ុនរបស់ក្រុមហ៊ុនចុះបញ្ជីបោះផ្សាយមូលបត្រ និង/ឬក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណពី និយ័តករមូលបត្រកម្ពុជា ដែលមានតម្រូវការស្វែងយល់ឱ្យកាន់តែច្បាស់ អំពីការរៀបចំគោលនយោបាយនៃការអនុវត្តអភិបាលកិច្ចសាជីវកម្ម ។

អភិបាលកិច្ចល្អ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញ និងគាំទ្រដល់ដំណើរការនៃការគ្រប់គ្រងអាជីវកម្មរបស់ស្ថាប័ន និងការអភិវឌ្ឍមួយប្រកបដោយនិរន្តរភាព ។ អភិបាលកិច្ច​ដែលប្រកបដោយ​សុភវិនិច្ឆ័យ គឺជាអភិបាលកិច្ចល្អ ដោយចាត់ចែង និងការគ្រប់គ្រងបញ្ហារបស់ស្ថាប័នប្រកបដោយប្រសិទ្ធភាព ហើយឆ្លើយតបទៅនឹងតម្រូវការ និងផលប្រយោជន៍របស់ស្ថាប័នទាំងមូល ។

ក្នុងឱកាសចុះអនុស្សរណៈនៃការយោគយល់គ្នានោះ ស្ថាប័នទាំងពីរក៏បានរៀបចំសិក្ខាសាលាលើកកម្ពស់ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុនៃវិស័យមូលបត្រផងដែរ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version