ភ្ញៀវទេសចរបរទេស​ជា​ច្រើនបានលុបចោលដំណើរទេសចរទៅកាន់ប្រទេសថៃ អំឡុង​បុណ្យចូលឆ្នាំ ឬ​សង្ក្រាន្ត នៅពាក់កណ្ដាល​ខែមេសានេះ ដោយសារតែមានក្ដីបារម្ភក្រោយ​មានគ្រោះរញ្ជួយដី ។

អគ្គលេខាធិការ​សមាគម​ភ្នាក់ងារ​ទេសចរណ៍ថៃ លោក អាឌិត ឆៃរ៉ាត់តាណានុន បានថ្លែងថា ទេសចរចិន​មកលេងនៅប្រទេសថៃ​អំឡុងត្រៀម​បុណ្យចូលឆ្នាំបានធ្លាក់ចុះ ២០% បើធៀបនឹង​ឆ្នាំមុន ។

សារព័ត៌មានថៃ បាន​ឲ្យដឹងថា ជើងហោះហើរពិសេស​មកពីក្រុង ឆេងទូ របស់ចិន មកកាន់ប្រ​ទេសថៃ ត្រូវបានលុបចោលទាំងអស់ ។

រូបភាព៖ Pixabay

រដ្ឋាភិបាលថៃ​បានប្រកាសថា ពិធីបុណ្យសង្ក្រាននឹង​ប្រព្រឹត្តទៅតាមការ​គ្រោងទុក ដោយចាប់ផ្ដើមនៅពាក់កណ្ដាលខែ​មេសានេះ នៅក្នុងរាជធានីបាងកក ក្រុងឈៀងម៉ៃ និងបណ្ដាទីកន្លែងផ្សេងទៀត ។

ប្រធាន​សមាគម​ធនាគារថៃវិញ បាននិយាយថា ក្នុងរយៈកាលពីរសប្ដាហ៍ទៅមុខទៀតនេះ ភ្ញៀវទេសចរបរទេស ​មកលេង​ប្រទេសថៃ ដើម្បីអបអរបុណ្យសង្ក្រានចូលឆ្នាំនោះ អាចធ្លាក់ចុះចន្លោះពី ១០ ទៅ ១៥% ។

បណ្ដា​ភាគីពាក់ព័ន្ធក្នុងឧស្សាហកម្មទេសចរណ៍ថៃ កំពុងជំរុញ​ឲ្យរដ្ឋាភិបាលចាត់វិធានការ​ប្រញាប់ ដើម្បី​បន្ថយ​ក្ដីភ័យខ្លាច​របស់មហាជនដែលគ្រោងមកលេង​នៅប្រទេសថៃ ។

ជា មករា ជាប្រធាន​ផ្នែក​មាតិកា និងជាអ្នកនិពន្ធ​អត្ថបទ​ទូទៅ ប្រចាំ​នៅ ពិត មេឌា ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version