រដ្ឋាភិបាល​វៀតណាម​នឹងអនុញ្ញាត​ឱ្យក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីអាមេរិក អេឡុន ម៉ាស់ (Elon Musk) បើកដំណើរការសាកល្បង​ ​សេវា​អ៊ិនធឹណិត ស្តារលីង (Starlink) របស់ខ្លួន ក្នុងប្រទេស​វៀតណាម។

សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាម​បាន​ឲ្យដឹងថា ដំណើរការ​ផ្ដល់សេវាអ៊ិនធឹណិតសាកល្បងនេះ មានរយៈពេលប្រាំឆ្នាំ គឺពី ឆ្នាំ ២០២៥ ដល់ឆ្នាំ ២០៣០ ហើយ​ សម្រាប់សេវា​អ៊ិនធឹណិត Starlink នេះ នឹងពុំមានការ​ដាក់កំណត់ពីទំហំ​កម្មសិទ្ធិ ដែលកាន់កាប់ដោយ​ក្រុមហ៊ុនបរទេសនោះឡើយ ។

ទោះជាយ៉ាងណា គម្រោងនេះចាំបាច់ត្រូវធានាចំពោះបញ្ហា​វិស័យការពារជាតិ និងសន្តិសុខជាតិ ហើយ​ក្នុងអំឡុងពេលសាកល្បង អ្នកចុះឈ្មោះប្រើប្រាស់ គឺត្រូវបានកំណត់ត្រឹម ៦០ ម៉ឺននាក់ ឬស្ថាប័ន​ប៉ុណ្ណោះ ។

រដ្ឋាភិបាល​វៀតណាម​បានចាត់​ឱ្យក្រសួងការពារជាតិ​ ក្រសួងសន្តិសុខ​សាធារណៈ និងក្រសួងវិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ដើម្បីសម្របសម្រួលធ្វើការរួមគ្នាលើគម្រោងនេះ។

ក្រុមហ៊ុនអ៊ិនធឹណិត Starlink របស់មហាសេដ្ឋី អេឡុន ម៉ាស់ របស់សហរដ្ឋអាមេរិក ធ្វើប្រតិបត្តិការ​ក្នុង​ទីផ្សារចំនួនជាង ១២០ ប្រទេស​លើពិភពលោក ។

នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានប្រទេសមួយចំនួនដូចជា សិង្ហបុរី និង​ឥណ្ឌូនេស៊ី សុទ្ធតែបាន​ដំណើរការ​សេវាអ៊ិនធឹណិតរបស់ Starlink នេះរួចទៅហើយ ។

ដើម្បីប្រើប្រាស់​សេវាអ៊ិនធឹណិត Starlink អ្នកប្រើប្រាស់ចាំបាច់ត្រូវទិញឧបករណ៍ រួមមានអង់តែន រ៉ៅទ័រ និងខ្សែភ្ជាប់​ ដែលមានតម្លៃ ៥៤៩ ដុល្លារ​ ហើយបន្ទាប់មក ត្រូវ​បង់ថ្លៃសេវាប្រចាំខែ ដែលអាចខុសៗគ្នាទៅតាមប្រទេសនីមួយៗ ។

រូបភាព៖ Starlink

ជា មករា ជាប្រធាន​ផ្នែក​មាតិកា និងជាអ្នកនិពន្ធ​អត្ថបទ​ទូទៅ ប្រចាំ​នៅ ពិត មេឌា ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version