ប្រជាពលរដ្ឋវៀតណាមទូទាំងប្រទេស ក្នុងមួយថ្ងៃៗ ចំណាយប្រមាណ ១៣ លានដុល្លារ លើការញ៉ាំកាហ្វេ និងតែទឹកដោះគោ កាលពីឆ្នាំ ២០២៤ ។
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ហាណូយ ថាមស៍ ។
តួលេខនេះត្រូវបានផ្សព្វផ្សាយក្នុងរបាយការណ៍អង្កេត ដែលរៀបចំឡើង តាមរយៈការសាកសួរប្រជាពលរដ្ឋជិត ៤៥០០ នាក់នៅទូទាំងប្រទេស ជាពិសេស នៅទីក្រុងហាណូយ និងហូជីមិញ ។
កំណើននៃការលក់ភេសជ្ជៈនេះ គឺដោយសារតែប្រជាពលរដ្ឋបានងាកទៅរកជីវិតមមាញឹក ដូចកាលពីមុនពេលផ្ទុះជំងឺរាតត្បាតកូវីដ ហើយបណ្ដាហាងកាហ្វេ តែទឹកដោះគោ និងបារ នានា បានកែប្រែទីតាំងទៅជាទីកន្លែងពហុមុខងារវិញ ។
ប្រជាពលរដ្ឋទៅហាងកាហ្វេ និងកន្លែងទីតាំងទាំងអស់នេះ ដើម្បីជជែកគ្នាលេង ទៅរៀន ឬធ្វើការពីចម្ងាយ ក៏ដូចជាជួបប្រជុំការងារ ។
ការអង្កេតបានរកឃើញថា ប្រជាពលរដ្ឋវៀតណាមកាន់តែច្រើនឡើងៗ ចូលចិត្តទៅទទួលទានភេសជ្ជៈ នៅខាងក្រៅផ្ទះ ដោយក្នុងនោះ ប្រជាជន ៥១% ទៅទទួលទានភេសជ្ជៈនៅតាមទីកន្លែងខាងលើ បីទៅបួនដងក្នុងមួយសប្ដាហ៍ ។
នៅក្នុងឆ្នាំនេះ ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈរបស់វៀតណាមត្រូវបានរំពឹងថា នឹងហក់ដល់ជាង ២៩ ពាន់លានដុល្លារសហរដ្ឋអាមេរិក ។
