ធនាគារ អេស៊ីលីដា និងក្រុមហ៊ុន តូតាល់ អេនើជី ម៉ាឃីធីង ខេមបូឌា ជាក្រុមហ៊ុនថាមពលធំមួយ ដែលផលិត និងផ្គត់ផ្គង់ថាមពលលើសកលលោក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី គម្រោងហិរញ្ញប្បទានសាជីវកម្ម ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះបានធ្វើឡើងនៅទីស្នាក់ការកណ្ដាលរបស់ធនាគារអេស៊ីលីដា កាលពីថ្ងៃទី ០១ ខែមេសា ។

ធនាគារអេស៊ីលីដា បានឱ្យដឹងថា ភាពជាដៃគូលើកនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ម្ចាស់ស្ថានីយចែកចាយប្រេងឥន្ធនៈរបស់ ក្រុមហ៊ុនតូតាល់ អេនើជី ជាមួយនឹង សេវាឥណទានអេស៊ីលីដា រួមមាន ប័ណ្ណឥណទាន វីសា/ម៉ាស្ទ័រកាត ឥណទានសម្រាប់ពាណិជ្ជករអេស៊ីលីដា ឥណទានសម្រាប់អ្នកចែកចាយ និងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម ជាមួយនឹងអត្រាការប្រាក់ពិសេស និងលក្ខខណ្ឌងាយស្រួល ។
លោកស្រី សុខ សោភា គណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ នៃធនាគារ អេស៊ីលីដា មានប្រសាសន៍ថា៖ “តាមរយៈនៃការចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ យើងខ្ញុំប្តេជ្ញាផ្តល់នូវសេវាកម្មដ៏ល្អប្រសើរ និងមធ្យោបាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងសាធារណជន។ នេះជាការប្តេជ្ញាចិត្តក្នុងការសហការគ្នារវាងស្ថាប័នយើងទាំងពីរ ក្នុងការលើកកម្ពស់ និងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុជូនអតិថិជនប្រកបដោយតម្លាភាព និងនវានុវត្តន៍ដែលជាចលករក្នុងការជំរុញកំណើនរីកលូតលាស់ប្រកបដោយនិរន្តរភាពនៅក្នុងសហគមន៍ទាំងមូល។”
លោកស្រី ឌីណា ចូគា គូម៉ា (Dina Jogia Kumar) អគ្គនាយិកាក្រុមហ៊ុន តូតាល់ អេនើជី ម៉ាឃីធីង ខេមបូឌា មានប្រសាសន៍ថា តាមរយៈកិច្ចសហការនេះ ភាគីពាក់ព័ន្ធនឹងទទួលបាននូវអត្ថប្រយោជន៍ជាអតិបរមាសម្រាប់ដំណើរការអាជីវកម្មប្រកបដោយចីរភាព ក្នុងរយៈពេលវែងទៅថ្ងៃអនាគត ។
លោកស្រី ឌីណា ចូគា គូម៉ា (Dina Jogia Kumar) មានប្រសាសន៍បន្ថែមថា៖ “ជាការជូនដំណឹងដល់ស្ថានីយ៍ចែកចាយរបស់យើងឲ្យបានជ្រាបផងដែរ គឺថានៅថ្ងៃនេះ ក្រុមហ៊ុន តូតាល់អេនើជី និងធនាគារអេស៊ីលីដា បានសហការគ្នា ដើមម្បីផ្ដល់នូវដំណោះស្រាយបន្ថែមទៀតដល់យើងទាំងអស់គ្នា ពោលគឺសេវាកម្មដែលអាចជួយឲ្យអ្នកទាំងអស់គ្នាដំណើរការអាជីវកម្មរយៈពេលវែងប្រកបដោយចីរភាព” ។