អតិថិជន ដែលមានបំណងចង់បានម៉ាស៊ីនត្រជាក់ម៉ាក ដាយគិន (Daikin) យកទៅប្រើប្រាស់ នៅពេលនេះ អាចបង់រំលស់ដោយគ្មានការប្រាក់តាមរយៈធនាគារអេស៊ីលីដា បានហើយ ។
ការផ្ដល់ជូននេះកើតមាន បន្ទាប់ពី ធនាគារ អេស៊ីលីដា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនម៉ាស៊ីនត្រជាក់ ដាយគីន (Daikin) ដែលជាក្រុមហ៊ុននាំចូលម៉ាស៊ីនត្រជាក់លំដាប់អន្តរជាតិមកពីប្រទេសជប៉ុន ក្នុងការផ្ដល់សេវាឥណទានឌីជីថល ដល់អតិថិជន និងសាធារណជន សម្រាប់ទិញទំនិញ ឬសេវាកម្មប្រើប្រាស់ហើយធ្វើការទូទាត់សងធនាគារនៅពេលក្រោយ តាមរយៈកម្មវិធីអេស៊ីស៊ូភើអេប។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងនៅឯទីស្នាក់ការកណ្ដាលរបស់ធនាគារអេស៊ីលីដា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ។
លោកស្រី សុខ សោភា គណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា មានក្តីសោមនស្សរីករាយ ដោយបានចាប់ដៃគូសហប្រតិបត្ដិការជាមួយក្រុមហ៊ុន ដាយគីន ក្នុងការផ្តល់ជូនសេវាឥណទានឌីជីថល BNPL ដល់អតិថិជន និងសាធារណជន “តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចសហការរបស់ស្ថាប័នយើងទាំងពីរ។ សេវាកម្មឥណទានឌីជីថលសម្រាប់ទិញទំនិញ ឬសេវាកម្មប្រើប្រាស់ហើយធ្វើការទូទាត់សងធនាគារនៅពេលក្រោយ ត្រូវបានរចនាឡើងដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវជម្រើសហិរញ្ញវត្ថុកាន់តែប្រសើរ អាចបត់បែនបាន ដោយអនុញ្ញាតឱ្យអតិថិជនទិញទំនិញ និងសេវាកម្ម តាមរយៈអេស៊ីស៊ូភើអេបបានភ្លាមៗ ដោយប្រព័ន្ធនឹងធ្វើការអនុម័តប្រាក់កម្ចីដោយស្វ័យប្រវត្តិ ហើយអតិថិជនអាចទទួលបានទំនិញភ្លាមៗ ដោយធ្វើការសងត្រឡប់មកធនាគារនៅពេលក្រោយ។ ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ស្ថាប័នយើងទាំងពីរ ក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ ដើម្បីបំពេញតម្រូវការដែលកំពុងរីកចម្រើនរបស់អតិថិជននៃស្ថាប័នទាំងពីរ រួមទាំងបណ្តាញ ចែកចាយរបស់ក្រុមហ៊ុនដាយគីនទាំងអស់។ ដើម្បីបង្ករភាពងាយស្រួលជូនអតិថិជនទាំងអស់ ទទួលបាននូវភាពរីករាយនឹងផាសុកភាព នៃការប្រើប្រាស់ម៉ាស៊ីនត្រជាក់ថ្មី ដែលមានគុណភាពខ្ពស់ នាំចូលពីប្រទេសជប៉ុន ដោយគ្មានបន្ទុកនៃការទូទាត់ដុលជាមុន និងដំណើរការទូទាត់កាន់តែងាយស្រួលតាមរយៈប្រព័ន្ធឌីជីថលរបស់ធនាគារ អេស៊ីស៊ូភើអេប។
លោកស្រី បានបន្ថែមទៀតថា ភាពជាដៃគូរបស់ស្ថាប័នយើងទាំងពីរ ក្នុងគោលបំណងបង្កើនភាពងាយស្រួលជូនអតិថិជន ក្នុងការទិញផលិតផលម៉ាស៊ីនត្រជាក់ ដែលអាចឱ្យអ្នកប្រើប្រាស់ទទួលបានអត្ថប្រយោជន៍ភ្លាមៗ ខណៈពេលដែលការសងត្រឡប់មកធនាគារនៅពេលក្រោយ។ សម្រាប់ជម្រើសបង់ប្រាក់ អតិថិជនអាចធ្វើការទូទាត់តាមរយៈឃ្យូអរកូដរបស់ធនាគារ អេស៊ីលីដា និងម៉ាស៊ីនឆូតកាត បានពីគ្រប់អេបធនាគារដែលជាសមាជិកបាគង (Bakong) ប័ណ្ណអេស៊ីលីដាទាំងអស់ រួមជាមួយនឹងប័ណ្ណដែលមាននិមិត្តសញ្ញា CSS និងគ្រប់ប្រភេទប័ណ្ណឥណទាន/ឥណពន្ធអន្តរជាតិ។