ធនាគារ អេស៊ីលីដា​ បានទទួល​ការអនុញ្ញាត​ជាអន្តរការីមូលប័ត្រ​រដ្ឋ​ នៅ​ក្នុងពិធីប្រកាសជា​ផ្លូវការ ដែលបានធ្វើឡើងនៅឯទីស្នាក់ការកណ្ដាលរបស់ធនាគារ កាលពីថ្ងៃទី ២៨ ខែកុម្ភៈនេះ ។

ពិធីប្រកាសជាផ្លូវការ ត្រូវបានធ្វើឡើងទន្ទឹម​គ្នាជាមួយនឹង សិក្ខាសាលា ស្តីពីសក្តានុពល និងកាលានុវត្តភាពនៃការវិនិយោគលើមូលបត្ររដ្ឋ ដែលមានការចូលរួមពីឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងបណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ក៏ដូចជា​មន្ត្រីជាន់ខ្ពស់មកពីធនាគារជាតិ​នៃ​កម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ ។​

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ​មាន​ប្រសាសន៍​ថា “អបអរសាទរ​ដល់ធនាគារអេស៊ីលីដាដែរ ដែលទទួលបានការអនុញ្ញាត​ក្លាយទៅជាអន្តរការីមូលបត្ររដ្ឋ ដែលភាសាសាមញ្ញ អ្នកជួយទិញមូលបត្ររដ្ឋ​ឲ្យសាធារណជន  ។ ដូច្នេះ អ្នកដែលចង់ទិញ មូលបត្ររដ្ឋ ​វិនិយោគជាមួយរដ្ឋ ដាក់សាច់ប្រាក់ចូលទៅក្នុងឧបករណ៍ហិរញ្ញវត្ថុ​របស់រដ្ឋ​ [….] ដែលដាក់លុយ​ឱ្យរដ្ឋ​ ជួយ​ឲ្យរដ្ឋ​មានលុយ​កសាង​នូវហេដ្ឋរចនា​សម្ព័ន្ធ ហើយជាមួយអ្វីដែលរដ្ឋត្រូវការ ហើយយើងបានការប្រាក់ពីរដ្ឋមកវិញទៀត” ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ​មាន​ប្រសាសន៍​ថា៖ “ធនាគារ អេស៊ីលីដា ភីអិលស៊ី ពិតជាមានមោទនភាពក្រៃលែង ដែលបានទទួលការអនុញ្ញាត ពីនិយ័តករមូលបត្រកម្ពុជា ធ្វើជាអន្តរការីមូលបត្ររដ្ឋក្នុង     វិស័យមូលបត្រ ដើម្បីផ្តល់សេវាកម្មនេះជូនដល់វិនិយោគិន ទាំងក្នុង និងក្រៅប្រទេសដែលមានបំណងវិនិយោគ និង/ឬជួញដូរ      មូលបត្ររដ្ឋនៅកម្ពុជា តាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាជម្រើសនៃការវិនិយោគមួយបន្ថែមទៀតប្រកបដោយ       សុវត្ថិភាព និងទទួលបានអត្ថប្រយោជន៍។ លើសពីនេះទៅទៀត ការវិនិយោគលើមូលបត្ររដ្ឋជាការចូលរួមចំណែក​ដល់ការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចជាតិ” ។

ក្នុងឱកាសប្រកាសធនាគារអេស៊ីលីដា ​ជាអន្តរការីមូលប័ត្រ​រដ្ឋនោះដែរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិ នៃកម្ពុជា និយ័តករមូលបត្រកម្ពុជា បានសហការជាមួយធនាគារ អេស៊ីលីដា រៀបចំសិក្ខាសាលាស្តីពី “សក្តានុពល និងកាលានុវត្តភាពនៃការវិនិយោគលើមូលបត្ររដ្ឋ” ដើម្បី​ផ្សព្វផ្សាយ ​និង​លើកកម្ពស់​ការយល់ដឹង​បន្ថែម​ពាក់ព័ន្ធ​នឹងការវិនិយោគលើមូលបត្ររដ្ឋ។

 

 

ជា មករា ជាប្រធាន​ផ្នែក​មាតិកា និងជាអ្នកនិពន្ធ​អត្ថបទ​ទូទៅ ប្រចាំ​នៅ ពិត មេឌា ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version