ធនាគារ អេស៊ីលីដា បានចុះបញ្ជីលក់សញ្ញាបណ្ណបន្ទាប់បន្សំជាផ្លូវការរបស់ខ្លួន នៅលើផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ដោយពិធីចុះបញ្ជីលក់សញ្ញាបណ្ណបន្ទាប់បន្សំនេះបានធ្វើឡើង នៅឯផ្សារមូលបត្រកម្ពុជានារាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា ធនាគារ អេស៊ីលីដា បានទទួលការអនុញ្ញាតពីធនាគារជាតិ នៃ កម្ពុជា និងនិយ័តករមូលបត្រកម្ពុជា ក្នុងការបោះផ្សាយលក់សញ្ញាបណ្ណបន្ទាប់បន្សំក្នុងទំហំទឹកប្រាក់រហូតដល់ ៤០០ពាន់លានរៀល ឬប្រមាណជា ១០០លានដុល្លារសហរដ្ឋអាមេរិក ។
ការចុះបញ្ជីលក់សញ្ញាបណ្ណបន្ទាប់បន្សំនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការនេះកើតមាន ក្រោយការធ្វើបរិវិសកម្ម ឬការចុះឈ្មោះទិញលើកទីមួយរបស់វិនិយោគិនគុណវុឌ្ឍិ កាលពីខែមករា ឆ្នាំ២០២៥ ដែលទទួលបានទឹកប្រាក់រហូតដល់ ៣៤៣.៣៥០.០០០.០០០រៀល ឬស្មើនឹង ៨៥.៨៣៧.៥០០ ដុល្លារអាមេរិក ។
ធនាគារ អេស៊ីលីដា នឹងជូនដំណឹងដល់វិនិយោគិន និងសាធារណជន អំពីការធ្វើបរិវិសកម្មទៅលើចំនួនសញ្ញាបណ្ណបន្ទាប់បន្សំដំណាក់កាលទីពីរ នៅខែមីនា ខាងមុខនេះ ក្នុងទំហំទឹកប្រាក់ជាង ១៤ លានដុល្លារ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា មានប្រសាសន៍ថា ការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំនេះ នឹងផ្តល់ឱ្យវិនិយោគិន និងអតិថិជនរបស់ធនាគារនូវជម្រើសវិនិយោគមួយបន្ថែមទៀតជាមួយធនាគារ អេស៊ីលីដា។
លោកបានបន្តថា ការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំនេះ ជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជំរុញកំណើន និងអភិវឌ្ឍទីផ្សារមូលធននៅកម្ពុជា និងជាយន្តការថ្មី សម្រាប់ការកៀរគរប្រភពទុនក្នុងស្រុក សម្រាប់គាំទ្រអតិថិជន និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម។
សញ្ញាបណ្ណបន្ទាប់បន្សំ គឺជាឧបករណ៍ហិរញ្ញវត្ថុទូទៅ ដែលធនាគារជុំវិញពិភពលោក រួមទាំងធនាគារ អេស៊ីលីដា បាននិងកំពុងប្រើប្រាស់ ព្រមទាំងបានចូលរួមចំណែកក្នុងការពង្រឹង និងការពង្រីកវិសាលភាព ព្រមទាំងការបង្កើនសក្តានុពលអាជីវកម្មរបស់ធនាគារ ឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព និងប្រសិទ្ធភាពប្រកបដោយទំនុកចិត្តពីអតិថិជន និងសាធារណជន។