ប្រទេសថៃបានកប់ទុរេនចោល ចំនួនជិត ៦៥ តោន បន្ទាប់ពីប្រទេសចិនមិនព្រមទទួលយក ដោយសារតែមានផ្ទុកថ្នាំលាបពណ៌លឿង។
យោងតាមការចុះផ្សាយរបស់កាសែត The Nation ក្រសួងកសិកម្មរបស់ប្រទេសថៃ បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ផ្លែទុរេនទាំងនោះ មានផ្ទុកសារធាតុថ្នាំពណ៌លឿង (Basic Yellow 2) ក្រោយពេលធ្វើតេស្តពិសោធន៍ដោយខ្លួនឯងរួចមក។

ជារឿយៗ សារធាតុថ្នាំពណ៌លឿង (Basic Yellow 20029 ត្រូវបានប្រើ ដើម្បីបន្ថែមពណ៌ឲ្យផ្លែទុរេន ។ មានក្រុមហ៊ុននាំចេញមួយចំនួន ត្រូវបានគេគិតថា បានជ្រលក់ផ្លែទុរេនចូលទៅក្នុងទឹកថ្នាំនេះ ដើម្បីធ្វើឲ្យទុរេនមើលទៅទុំ និងមានពណ៌លឿង។
ប្រទេសថៃ បានព្យួរអាជ្ញាបណ្ណនាំចេញចំពោះអ្នកបោះដុំទុរេនចំនួន ២៦ ដែលមានជាប់ពាក់ព័ន្ធនឹងការនាំចេញទុរេន ដែលមានសារធាតុថ្នាំនេះ។
ក្រសួងកសិកម្មថៃ ក៏នឹងកែសម្រួលគោលការណ៍ណែនាំស្ដីពីការនាំចេញទុរេនរបស់ខ្លួន ដើម្បីទប់ស្កាត់កុំឲ្យមានករណីបែបនេះកើតឡើងសាជាថ្មី ។
ការរកឃើញថ្នាំលឿងនេះ បាននាំឲ្យប្រទេសចិនអនុវត្តគោលការណ៍ធ្វើតេស្តពិនិត្យរកសារធាតុថ្នាំលឿង ចំពោះគ្រប់ទុរេនដែលនាំចូល រាប់បញ្ចូលទាំងទុរេនមកពីប្រទេសវៀតណាមផង។
មានតែមន្ទីរពិសោធន៍ដែលទទួលស្គាល់ដោយប្រទេសចិនប៉ុណ្ណោះ ទើបអាចធ្វើតេស្តពិនិត្យផ្លែទុរេនបាន ។
កាលពីខែមករា ដោយសារតែប្រទេសចិនពន្យារពេលក្នុងការទទួលស្គាល់ចំពោះមន្ទីរពិសោធន៍របស់វៀតណាម ធ្វើឲ្យការដឹកជញ្ជូនទុរេនរបស់វៀតណាមទៅប្រទេសចិន ត្រូវជាប់គាំងច្រើន។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២៤ ប្រទេសចិន នាំចូលផ្លែទុរេន គិតជាទឹកប្រាក់ចំនួនជិត ៧ ពាន់លានដុល្លារ ដោយក្នុងនោះ ៥៧% នាំយកពីប្រទេសថៃ និង ជាង ៤១% យកពីប្រទេសវៀតណាម ។