ផលិតកម្មរថយន្ត​របស់ប្រទេសថៃ កាលពីឆ្នាំ ២០២៤ បានធ្លាក់ចុះរហូតដល់ទៅ ២០% បើធៀប​នឹង​ឆ្នាំ ២០២៣ ហើយនេះ​ជា​ការធ្លាក់ចុះខ្លាំងបំផុត​​ក្នុងរយៈកាល ៤ ឆ្នាំចុងក្រោយនេះ។

នេះបើយោងតាម​ការចុះផ្សាយរបស់សារព័ត៌មានវៀតណាមដែលបានដកស្រង់សម្ដីសហព័ន្ធឧស្សាហកម្មថៃ (FTI) ។

ក្នុងឆ្នាំ ២០២៤ ប្រទេសថៃ ផលិត​រថយន្ត​បាន ១,៤៧ លានគ្រឿង ខណៈឆ្នាំ ២០២៣ ថៃ​ផលិត​រថយន្តបាន ១,៨៣ លានគ្រឿង។ ​ ទន្ទឹមនឹងនេះ ការ​លក់រថយន្ត​នៅក្នុង​ស្រុក​ក៏បានធ្លាក់ចុះផងដែរ គឺបានត្រឹមតែ ៥៧២.៦៧៥ គ្រឿង​ ដែលបានធ្លាក់ចុះ ជាង ២៦% ។

ការធ្លាក់ចុះនេះគឺដោយសារតែ

រូបថត៖ Pixabay

​តម្រូវការ​រថយន្ត​បានថមថយ ហើយ​បណ្ដាធនាគារ​បានរឹត​បន្តឹង​ចំពោះ​លក្ខខណ្ឌកម្ចី ដោយសារ​តែវិបត្តិបំណុលខ្ពស់​​ក្នុងចំណោមប្រជាជន។

ចំណែកឯការ​នាំចេញរថយន្តផលិតនៅថៃទៅកាន់ទីផ្សារ​បរទេស​វិញ ក៏បានធ្លាក់ចុះផងដែរ រហូតដល់ទៅ ៨,៨% ដោយបាននាំចេញត្រឹមតែ ១ លានគ្រឿង ។

ការធ្លាក់ចុះ​នូវការនាំចេញនេះគឺដោយសារតែបញ្ហា​ភូមិសាស្ត្រនយោបាយផង គួបផ្សំនឹង​ការ​ប្រកួតប្រជែងពីសំណាក់រថយន្តអគ្គិសនី និង​ការ​រឹត​បន្តឹង​លើ​ការ​បំភាយ​ឧស្ម័នកាបូនិកចេញពីរថយន្ត ពីសំណាក់បណ្ដាប្រទេសមួយចំនួនផង។

ក្នុងឆ្នាំនេះ ប្រទេសថៃ បានព្យាករណ៍ថា នឹង​ផលិតរថយន្តចំនួន ១,៥ លានគ្រឿង​ ដែលក្នុងនោះ ១ លានគ្រឿង​សម្រាប់ការ​នាំចេញ ហើយ​នៅសល់ប៉ុន្មានសម្រាប់ផ្គត់ផ្គង់ទីផ្សារ​ក្នុង​ស្រុក។

បច្ចុប្បន្ន ប្រទេសថៃ ជាមជ្ឈមណ្ឌលផលិតរថយន្តច្រើនជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ ។

ជា មករា ជាប្រធាន​ផ្នែក​មាតិកា និងជាអ្នកនិពន្ធ​អត្ថបទ​ទូទៅ ប្រចាំ​នៅ ពិត មេឌា ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version