បណ្ដាក្រុមហ៊ុននាំពលករ​ទៅក្រៅប្រទេស​របស់វៀតណាម​​កំពុងតែបង្វែរ​គោលដៅទៅរកទីផ្សារថ្មីៗ ដូចជា​ប្រទេស​ប៉ូឡូញ និង​អូស្ត្រាលីជាដើម ដើម្បីស្វែងរកឱកាស​ការងារ​បន្ថែមទៀត​ដល់ពលករវៀតណាម។

ក្រុមហ៊ុននានានៅទីក្រុងហូជីមិញ ដូចជា Eastern Sea Labor Export, Services, and Trade (Estrala) បាននិងកំពុងសហការជាមួយបណ្ដាដៃគូអាជីវកម្មនៅក្នុង​ប្រទេស​ប៉ូឡូញ និងអាឡឺម៉ង់​ ក្នុងរយៈកាលប៉ុន្មានខែកន្លងមកនេះ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង​ការងារ​សម្រាប់​ពលករ​វៀតណាម។

រូបថត៖ Pixabay

ក្រុមហ៊ុននេះ កំពុង​ដំណើរការ​ក្នុងការ​បញ្ជូនពលករ ១០០ នាក់ទៅកាន់ប្រទេសប៉ូឡូញ ដែលអាច​រកប្រាក់ចំណូលប្រចាំខែជាមធ្យមបាន​ ១ ពាន់ដុល្លារ​ រាប់បញ្ចូលទាំង​ការធានារ៉ាប់រងផង។

ពលករវៀតណាមទាំងនោះ នឹងធ្វើការងារ​ក្នុងឧស្សាហកម្ម ផ្លែឈើ និង​វេចខ្ចប់ម្ហូបអាហារ​។ ពលករ​ដែល​អាចមាន​គុណវុឌ្ឍិទៅធ្វើការជាបុគ្គលដែលមានសុខភាពមាំទាំ​ មានអាយុចន្លោះពី ២០ ទៅ ៥០ ឆ្នាំ និងមានសញ្ញាបត្រ​កម្រិត​មធ្យម​សិក្សា​។

ពលករដែលទៅធ្វើការនៅទីនោះ មានសិទ្ធិសម្រាកនៅចុង​សប្ដាហ៍ មានផ្ដល់​កន្លែងស្នាក់នៅ ធ្វើដំណើរ និងអាហារ​ថែមទៀតផង។

ប្រទេសអាឡឺម៉ង់​ជាគោលដៅ​ដ៏ទាក់ទាញសម្រាប់​ពលករវៀតណាម​ ដោយសារ​វិស័យវេចខ្ចប់ម្ហូបអាហារ​ផ្ដល់ប្រាក់ខែ​គោល​រហូតដល់ទៅជាង ២៧០០ ដុល្លារ។

ចំណែកឯប្រទេស​អូស្ត្រាលីវិញ ចាប់ពីឆ្នាំនេះទៅ នឹងទទួលយក​ពលករ​វៀតណាម​ប្រមាណ ១ ពាន់នាក់​ក្នុងមួយឆ្នាំ ដែលផ្ដល់ប្រាក់ឈ្នួលប្រចាំខែ​ចន្លោះពី ១៩៦០ ដុល្លារ​ ដល់ ២៤៥០ ដុល្លារ ។

បច្ចុប្បន្ន ពលករ​វៀតណាម​ជាង ៦៥ ម៉ឺននាក់​កំពុងធ្វើការ​នៅបរទេស ដោយ​ផ្ញើប្រាក់មក​ក្នុងស្រុកវិញប្រមាណ ពី ៣៥០០ លាន ដល់ ៤ ពាន់លានដុល្លារ​​ក្នុងមួយឆ្នាំ ។​

ជា មករា ជាប្រធាន​ផ្នែក​មាតិកា និងជាអ្នកនិពន្ធ​អត្ថបទ​ទូទៅ ប្រចាំ​នៅ ពិត មេឌា ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version