ក្នុងឆ្នាំ ២០២៥ នេះ ប្រទេសវៀតណាមរំពឹងថា នឹងជួបបញ្ហាប្រឈមធំៗជុំវិញការនាំចេញកសិផល និងអាហារសមុទ្ររបស់ខ្លួនទៅកាន់បណ្ដាទីផ្សារធំៗនៅលើសាកលលោក។

នេះក៏ដោយសារតែបណ្ដាប្រទេសធំៗនានា មានដូចជា ចិន សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ជាដើម រឹតបន្តឹងលើបទប្បញ្ញត្តិនានាទាក់ទងនឹងការនាំចូលកសិផល និងអាហារសមុទ្រនោះ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមបានឲ្យដឹងថា បទប្បញ្ញត្តិថ្មីៗមួយចំនួន ត្រូវបានដាក់ចេញនៅក្នុងបណ្ដាប្រទេសទាំងអស់នោះ ដែលបានបង្កជាឧបសគ្គដល់អាជីវកម្ម និងកសិកររបស់ខ្លួន។
ជាក់ស្ដែង ប្រទេសចិន ដែលជាទីផ្សារធំសម្រាប់ទុរេនវៀតណាមនោះ កាលពីពេលថ្មីៗបានដាក់ចេញនូវយន្តការថ្មី ត្រួតពិនិត្យលើផ្លែទុរេន បន្ទាប់ពីមានសារធាតុគីមីកាដម្យូម ត្រូវបានរកឃើញនៅក្នុងផ្លែទុរេន ដែលដឹកចេញពីប្រទេសថៃ កាលពីចុងឆ្នាំ ២០២៤។
ក្រុមហ៊ុនវៀតណាមមួយឈ្មោះថា Anh Thu Dak Lak បាននាំទុរេន ១៧០ តោន ស្មើនឹង ១០ ទូកុងតេន័រ ត្រលប់មកវិញ ដោយសារតែពុំមានអនុលោមភាពតាមស្តង់ដារថ្មី ដែលកំណត់ដោយប្រទេសចិននោះ ។
បញ្ហាប្រឈមស្រដៀងគ្នានេះ ក៏កើតមានចំពោះការនាំចេញកសិផលផ្សេងទៀតផងដែរ ដោយក្នុងនោះ ការនាំចេញបន្លែ និងផ្លែឈើរបស់វៀតណាមក្នុងខែមករា កន្លងទៅ បានធ្លាក់ចុះរហូតដល់ទៅជាង ១១ ភាគរយ ដែលការធ្លាក់ចុះនេះកើតមានក្រោយពេលសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងកោះតៃវ៉ាន់រឹតបន្តឹងលើបទប្បញ្ញត្តិគ្រប់គ្រងកម្រិតសំណល់ថ្នាំសម្លាប់សត្វចង្រៃដែលស្ថិតក្នុងបន្លែ និងផ្លែឈើ ។
ការនាំចេញអង្កររបស់វៀតណាមក៏កំពុងតែរងសម្ពាធខ្លាំងផងដែរ បន្ទាប់ពី ប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ី បានស្តុកទុកអង្ករនៅសល់ច្រើន និងការប្រកួតប្រជែងជាថ្មីជាមួយនឹងអង្កររបស់ប្រទេសឥណ្ឌា ដែលធ្វើឲ្យអង្ករធ្លាក់ថ្លៃដល់ ៤០០ ដុល្លារក្នុងមួយតោន ជាតម្លៃទាបបំផុតបើគិតត្រឹមរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។