ធនាគារ អេស៊ីលីដា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយអគ្គលេខាធិកាដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល  ស្តីពីកិច្ចសហប្រតិបត្តិការលើការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។

ពិធីចុះហត្ថលេខានេះបានធ្វើឡើង​​​​​កាលពីថ្ងៃទី ១៦ ខែធ្នូ​ ឆ្នាំ ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

អនុស្សរណៈ នៃការយោគយល់គ្នានេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការចូលរួមអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

គោលបំណង នៃកិច្ចសហប្រតិបត្តិការរួមគ្នានេះ ដើម្បីជំរុញ និងការគាំទ្រការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមរយៈថ្នាលឌីធីថល សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយធ្វើឡើងឈរលើគោលការណ៍ស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំ ឬគំរាមកំហែង និងសហការផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ អំពីការចុះឈ្មោះឱ្យបានទូលំទូលាយ ទាំងយន្តការអហ្វឡាញ (offline) និងអនឡាញ(online)។

កិច្ចសហប្រតិបត្តិការនេះផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍ នៃប្រព័ន្ធបច្ចេកវិទ្យា និងផ្ដល់ភាពងាយស្រួល ឆាប់រហ័ស ក្នុងការប្រមូលទិន្នន័យពាក់ព័ន្ធនឹងអ្នកប្រកបអាជីវកម្ម ឬមុខរបរ ឬការងារ ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលធនាគារត្រូវបញ្ចូលព័ត៌មានដែលទទួលបានពីអតិថិជន និងសាធារណជនទៅក្នុងប្រព័ន្ធថ្នាលឌីជីថល សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងធានាឱ្យការបម្រើសេវាកម្មបញ្ចូលព័ត៌មានក្នុងថ្នាលឌីជីថល សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធដំណើរការដោយរលូន​ និងមានប្រសិទ្ធភាពខ្ពស់។

ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬបុគ្គលស្វ័យនិយោជន៍នេះ ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត និងមានមធ្យោបាយងាយស្រួលជាច្រើនសម្រាប់ការចុះឈ្មោះប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព រួមមានការចុះឈ្មោះតាមរយៈទូរស័ព្ទ និងផតថល តាមតំណភ្ជាប់ www.informal.digitaleconomy.gov.kh ឬតាមរយៈស្ថាប័នរដ្ឋ ឬុមណ្ឌលចល័តគាំទ្រការចុះឈ្មោះ ឬធ​នាគារ អេស៊ីលីដា នៅគ្រប់សាខាទាំងអស់ដែលនៅជិតលោកអ្នក ដោយឥតគិតថ្លៃ។

ថ្នាលឌីជីថល សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរៀបចំឡើងដោយអគ្គលេខាធិកាដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ  សហការជាមួយក្រសួង ស្ថាប័នហិរញ្ញវត្ថុពាក់ព័ន្ធ គឺជាសមិទ្ធផលរួមមួយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យជឿនលឿនរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីសម្រួលដល់ការចុះឈ្មោះ  វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមវិស័យនីមួយៗ ដែលនឹងផ្តល់លទ្ធភាពឱ្យពួកគាត់ទទួលបានអត្ថប្រយោជន៍ ដូចជារបបសន្តិសុខ​សង្គម សេវាហិរញ្ញវត្ថុផ្លូវការ       ការអភិវឌ្ឍជំនាញ និងកម្មវិធីជំនួយនានារបស់រាជរដ្ឋាភិបាល។

ជា មករា ជាប្រធាន​ផ្នែក​មាតិកា និងជាអ្នកនិពន្ធ​អត្ថបទ​ទូទៅ ប្រចាំ​នៅ ពិត មេឌា ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version