
ក្រសួងដឹកជញ្ជូនថៃប្រកាសគាំទ្រគម្រោងសាងសង់និងអភិវឌ្ឍព្រលានយន្តថ្មី ៦កន្លែងទៀត នៅទូទាំងប្រទេសថៃ ទៅថ្ងៃខាងមុខ ដើម្បីប្រែក្លាយប្រទេសថៃជាមជ្ឈមណ្ឌលដឹកជញ្ជូនរបស់តំបន់ ។
ថ្មីៗនេះ មានការប្រារព្ធសន្និសីទអគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិលលើកទី៥៩ នៅប្រទេសហ្វ៊ីលីពីន ដែលចូលរួមដោយអ្នកពាក់ព័ន្ធមកពី ៤៧ ប្រទេស ។ នៅក្នុងសន្និសីទនេះ គេបានពិភាក្សាគ្នាពីការអភិវឌ្ឍសេដ្ឋកិច្ចវិស័យដឹកជញ្ជូនផ្លូវអាកាស ហើយគេបានព្យាករថា នៅ២០ឆ្នាំទៅមុខ ចំនួនអ្នកធ្វើដំណើរតាមអាកាសនឹងកើនឡើងទ្វេដង ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ ។
លោកស្រីអនុរដ្ឋមន្ត្រីដឹកជញ្ជូនថៃ ដែលបានចូលរួមសន្និសីទនោះ បាននិយាយថា កំណើនអ្នកធ្វើដំណើរទាមទារឱ្យមានការវិនិយោគហេដ្ឋារចនាសម្ព័ន្ធខ្លាំងក្លា ជាពិសេស នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។
នៅក្រោយសន្និសីទ លោកស្រីអនុរដ្ឋមន្ត្រីដឹកជញ្ជូនថៃ និយាយថា ក្រសួងត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសរបស់នាយកដ្ឋានព្រលានយន្តហោះរបស់ប្រទេសថៃ ។
ផែនការទាំងនោះ រួមមាន ការពង្រីកសមត្ថភាពព្រលានយន្តហោះដែលមានស្រាប់ និងការអភិវឌ្ឍព្រលានយន្តហោះថ្មីបន្ថែមទៀត នៅក្នុងខេត្តចំនួន ៦ នៅក្នុងប្រទេសថៃ ។
នៅក្នុងចំណោមខេត្តទាំង៦នេះ គម្រោងខ្លះកំពុងស្ថិតក្នុងដំណាក់កាលសិក្សាសមិទ្ធលទ្ធភាពរួចជាស្រេចហើយ ៕


