
ធនាគារអេស៊ីលីដា ទាំងស្នាក់ការកណ្ដាល និងសាខាទូទាំងប្រទេស បានប្រារព្វពីធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយនិងការជំរុញទឹកចិត្តអភិវឌ្ឍធនាគារខ្មែរនេះឲ្យរីកចម្រើនទាំងនៅថ្នាក់ជាតិ ក្នុងតំបន់ និងអន្តរជាតិ ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា មានប្រសាសន៍ថា ធនាគារអេស៊ីលីដា តែងប្រារព្វពិធីបុណ្យចូលឆ្នាំប្រៃពណីជាតិខ្មែរនេះ ជារៀងរាល់ឆ្នាំ លើកលែងតែអំឡុងពេលផ្ទុះជំងឺកូវីដ ប៉ុណ្ណោះ ហើយ ការរៀបចំនេះ គឺដើម្បីរួមចំណែកដល់ការផ្សព្វផ្សាយដល់អ្នកជំនាន់ក្រោយបានស្គាល់ និងប្រកាន់ខ្ជាប់តាមប្រពៃណីដ៏ល្អូផូរផង់របស់ខ្មែរ ។

បណ្ឌិត អ៊ិន ចាន់នី មានប្រសាសន៍ថា៖ “កម្មវិធីលេងកម្សាន្តហ្នឹង យើងដឹងហើយទំនៀមទម្លាប់ប្រពៃណីខ្មែរ ពេលបុណ្យចូលឆ្នាំខ្មែរ គឺល្បែងប្រជាប្រិយដែលមានគ្រប់ទាំងអស់ហ្នឹង តាំងពីលេងអង្គញ់ បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ ល្បែងប្រជាប្រិយផ្សេងៗ គឺធនាគារអេស៊ីលីដាធ្វើជាទម្លាប់មកហើយ ដើម្បីឲ្យសហការីដែលគាត់ជាទាំងអ្នកមានស្វាមី ឬអ្នកមានភរិយា គាត់មានបុត្រ ដើម្បីគាត់ផ្សព្វផ្សាយពីទំនៀមទម្លាប់ប្រពៃណីល្អផូរផង់របស់ខ្មែរយើង ហ្នឹង ដើម្បីឲ្យពួកគាត់ផ្សាយបន្តទៅដល់សាច់ញាតិគាត់ ទៅដល់កូនចៅរបស់គាត់ ដើម្បីបន្តប្រពៃណីល្អនេះជារៀងរហូត” ។

បណ្ឌិត អ៊ិន ចាន់នី ប្មានបន្តទៀតថា៖ “ការចូលរួមប្រារព្វពិធីបុណ្យចូលឆ្នាំខ្មែរ មិនមែនតែសូត្រមន្តតែមួយមុខ សូត្រមន្ត លេងល្បែងប្រជាប្រិយ ធ្វើឲ្យរំសាយអារម្មណ៍កង្វល់ រីករាយទាំងអស់គ្នាដើម្បីមានថាមពល សម្រាប់ជួយកសាងធ្វើឲ្យស្ថាប័នធនាគារអេស៊ីលីដា ដែលជាធនាគារខ្មែរ បន្តរីកចម្រើននៅក្នុងសហគមន៍ជាតិយើង ក៏ដូចជានៅក្នុងតំបន់ប្រតិបត្តិការជាថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ” ។







