
ប្រទេសកម្ពុជាមានផែនការនាំចូលថាមពលស្អាត ជាង ៦០០មេហ្គាវ៉ាត់ ពីប្រទេសជិតខាងទាំងបី ឡាវ វៀតណាម និងថៃ ។
នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ដែលបានសម្ភាសរដ្ឋមន្ត្រីថាមពលកម្ពុជា លោក កែវ រតនៈ នៅឯប្រទេសសិង្ហបុរី ។
ចាប់ផ្ដើមនៅឆ្នាំ២០២៦ កម្ពុជានឹងនាំចូលអគ្គិសនី ៣០០មេហ្គាវ៉ាត់ពីប្រទេសឡាវ ដែលជាថាមពលស្អាត ផលិតចេញពីប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនិងវារីអគ្គិសនី ។
ស្របពេលជាមួយគ្នានេះ កម្ពុជាក៏ស្ថិតក្នុងដំណាក់កាលអនុម័តការនាំចូលថាមពលថែមទៀត ជាង ២០០មេហ្គាវ៉ាត់ផងដែរ ពីវៀតណាម និងអាចនាំចូលបន្ថែម ១០០មេហ្គាវ៉ាត់ទៀត ពីប្រទេសថៃ ។ នេះបើតាមអ្វីដែលលោករដ្ឋមន្ត្រី កែវ រតនៈ បានប្រាប់ រ៉យទ័រ ។
លោករដ្ឋមន្ត្រីបានទៅចូលរួមព្រឹត្តិការណ៍ សប្ដាហ៍ថាមពលអន្តរជាតិ នៅប្រទេសសិង្ហបុរី និងបានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន រ៉យទ័រ ។
ប្រទេសអាស៊ានទាំង១០បានព្យាយាមអស់ជាច្រើនទសវត្សរ៍មកហើយ ក្នុងការបង្កើតជាខ្សែបណ្ដាញអគ្គិសនីតំបន់មួយ ដើម្បីសម្រួលពាណិជ្ជកម្មថាមពលពហុភាគី ប៉ុន្តែ ពុំសូវមានវឌ្ឍនភាពទេ ។ លោករដ្ឋមន្ត្រី កែវ រតនៈ រំពឹងថា ខ្សែបណ្ដាញអគ្គិសនីតំបន់អាចនឹងក្លាយជាការពិត នៅឆ្នាំ២០៣៥ ៕


