ប្រទេសកម្ពុជា​មានផែនការនាំចូល​ថាមពល​ស្អាត ជាង ៦០០មេហ្គាវ៉ាត់ ពីប្រទេសជិតខាងទាំងបី ឡាវ វៀតណាម និងថៃ ។

នេះ​បើ​តាម​ការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ដែល​បានសម្ភាស​រដ្ឋមន្ត្រី​ថាមពលកម្ពុជា លោក កែវ រតនៈ នៅឯប្រទេសសិង្ហបុរី ។

ចាប់ផ្ដើមនៅឆ្នាំ២០២៦ កម្ពុជា​នឹង​នាំចូលអគ្គិសនី ៣០០មេហ្គាវ៉ាត់ពីប្រទេសឡាវ ដែលជាថាមពលស្អាត ផលិតចេញពី​ប្រព័ន្ធថាមពល​ពន្លឺព្រះអាទិត្យ​និង​វារីអគ្គិសនី ។

ស្របពេលជាមួយគ្នានេះ កម្ពុជា​ក៏ស្ថិតក្នុងដំណាក់កាល​អនុម័ត​ការ​​នាំចូល​ថាមពល​ថែមទៀត ជាង ២០០មេហ្គាវ៉ាត់ផងដែរ ពីវៀតណាម និងអាច​នាំចូល​បន្ថែម ១០០មេហ្គាវ៉ាត់ទៀត ពីប្រទេសថៃ ។ នេះបើ​តាមអ្វីដែល​លោករដ្ឋមន្ត្រី កែវ រតនៈ បាន​ប្រាប់​ រ៉យទ័រ ។

លោករដ្ឋមន្ត្រី​បានទៅចូលរួម​ព្រឹត្តិការណ៍ សប្ដាហ៍ថាមពលអន្តរជាតិ នៅប្រទេសសិង្ហបុរី និងបានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន រ៉យទ័រ ។

ប្រទេស​អាស៊ានទាំង១០​បានព្យាយាម​អស់ជាច្រើនទសវត្សរ៍មកហើយ ក្នុងការ​​បង្កើត​ជា​ខ្សែ​បណ្ដាញ​អគ្គិសនី​តំបន់មួយ ដើម្បីសម្រួល​ពាណិជ្ជកម្ម​ថាមពល​ពហុភាគី ប៉ុន្តែ ពុំសូវមានវឌ្ឍនភាពទេ ។ លោករដ្ឋមន្ត្រី កែវ រតនៈ រំពឹងថា ខ្សែបណ្ដាញអគ្គិសនីតំបន់​អាចនឹងក្លាយជាការពិត នៅឆ្នាំ២០៣៥ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version