ទីផ្សារស្រាបៀរនៅប្រទេសថៃដែលមានទំហំ ២០០ពាន់លានបាត (ឬស្មើនឹង ៦០០០លានដុល្លារ) នឹងប្រកួតប្រជែងគ្នាកាន់តែខ្លាំងថែមទៀត នៅខណៈដែលស្រាបៀរឆាង ដែលជាក្រុមហ៊ុនផលិតស្រាបៀរធំបំផុតទីពីរនៅប្រទេសនេះ ប្រកាសពីការប្ដេជ្ញាចិត្តដណ្ដើមលេខ១នៅក្នុងទីផ្សារ ។

ស្រាបៀរឆាងផលិតដោយក្រុមហ៊ុន ថៃ ប៊ែវើរីជ (ThaiBev) ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ

បច្ចុប្បន្ន ក្រុមហ៊ុន ប៊ូនរ៉ដ ប្រ៊ូវើរី ម្ចាស់ស្រាបៀរសិង្ហា និងលីអូ គ្របដណ្ដប់ទីផ្សារស្រាបៀរនៅប្រទេសថៃ ដោយមានចំណែកទីផ្សារពី ៦២% ទៅ ៦៣% ។ ស្រាបៀរឆាងមានចំណែកទីផ្សារ ៣២% រីឯចំណែកទីផ្សារដែលនៅសល់ គឺកាន់កាប់ដោយស្រាបៀរខារ៉ាបៅ របស់ក្រុមហ៊ុន ខារ៉ាបៅ គ្រុប ។

ក្រុមហ៊ុន ThaiBev បានព្យាករថា ទំហំទីផ្សារសរុបសម្រាប់ស្រាបៀរថៃនៅឆ្នាំ២០២៤នេះ នឹងកើនឡើងដល់ ២ពាន់លានលីត្រ គិតជាទឹកប្រាក់ប្រហែល ២០០ពាន់លានបាត (ជាង ៦០០០លានដុល្លារ) ។

នៅឆ្នាំ២០២៥ខាងមុខ គេរំពឹងថា ទីផ្សារស្រាបៀរនឹងកើនឡើងលើស ២០០០លានលីត្រ ដោយវិលត្រឡប់ទៅរកកម្រិតនៅមុនពេលកូវីដ-១៩វិញ និងរុញច្រានដោយការហូរចូលនូវភ្ញៀវទេសចរបរទេសដែលមកលេងប្រទេសថៃ ។

យោងតាមទិន្នន័យពីវិស័យស្រាបៀរនេះ ទីផ្សារស្រាបៀរនៅប្រទេសថៃគ្របដណ្ដប់ស្ទើរតែទាំងស្រុងដោយក្រុមហ៊ុនក្នុងស្រុក ដែលកាន់កាប់ចំណែកទីផ្សារដល់ទៅ ៩៨% ហើយការនាំចូលស្រាបៀរពីអឺរ៉ុបមានប្រហែលតែ ១% ប៉ុណ្ណោះ ។

ក្រុមហ៊ុន ប៊ូនរ៉ដ ប្រ៊ូវើរី គ្រុប ប្រឡូកក្នុងវិស័យស្រាបៀរអស់រយៈពេល ៩០ឆ្នាំមកហើយ ដោយឈានមុខគេជាមួយនឹងម៉ាកស្រាបៀរ សិង្ហា និង លីអូ ។ ក្រុមហ៊ុន ThaiBev Group បានចាប់ផ្ដើមចូលក្នុងទីផ្សារនៅឆ្នាំ១៩៩៤ ជាមួយនឹងផលិតផលស្រាបៀរឆាងរបស់ខ្លួន ។

ជើងថ្មីជាងគេបំផុត គឺក្រុមហ៊ុន ខារ៉ាបាវ គ្រុប ដែលល្បីល្បាញខាងភេសជ្ជៈប៉ូវកម្លាំង និងទើបតែបានបោះជំហានចូលប្រឡូកក្នុងទីផ្សារស្រាបៀរដែរ ជាមួយនឹងស្រាបៀរ ខារ៉ាបាវ និងតាវ៉ាន់ដែង ។

កាលពីឆ្នាំ២០២៣ ក្រុមហ៊ុន ខារ៉ាបាវ បានបោះទុនវិនិយោគបន្ថែមជាង ៤០០០លានបាត ទៅលើការបង្កើតរោងចក្រផលិតស្រាបៀរថ្មី ដោយប្ដេជ្ញាដណ្ដើមចំណែកទីផ្សារឱ្យ ១០% នៅឆ្នាំទីមួយនៃប្រតិបត្តិការរបស់ខ្លួន ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version