ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គ្រុប របស់មហាសេដ្ឋីកំពូលមួយរូប​នៅកម្ពុជា អ្នកឧកញ៉ា គិត ម៉េង នឹងបើក​ការដ្ឋាន​សាងសង់​រោងចក្រ​​ផលិតអគ្គិសនីដើរ​ដោយ​ឧស្ម័នធម្មជាតិ នៅឃុំ​ថ្ម​សរ ស្រុកបូទុម​សាគរ​ ខេត្ត​កោះកុង នៅថ្ងៃទី១៦ ខែតុលា ខាងមុខនេះ ។

រោងចក្រផលិតអគ្គិសនីខ្នាតយក្សនេះ មាន​អនុភាព ៩០០មេហ្គាវ៉ាត់ ។ នេះ​បើ​យោង​តាម​លិខិតអញ្ជើញ​មួយចេញដោយអ្នកឧកញ៉ា គិត ម៉េង ដែល ពិត មេឌា បានឃើញ ។

ពិធីសម្ពោធ​បើក​ការដ្ឋាន​សាងសង់​រោងចក្រអគ្គិសនី​នេះ នឹងប្រព្រឹត្តទៅក្រោម​អធិបតីភាព​លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និងថាមពល ។

រោងចក្រ​អគ្គិសនីខេត្តកោះកុងនេះ ជា​គម្រោងវិនិយោគ​ដ៏ធំ​ទីពីរ​ហើយរបស់​អ្នក​ឧកញ៉ា គិត ម៉េង បន្ទាប់​គម្រោង​វារី​អគ្គិសនី​ សេសានក្រោម ២ នៅខេត្ត​ស្ទឹងត្រែង ដែល​បានដំណើរការរួចហើយ និងមានកម្លាំងអនុភាព ៤០០មេហ្គាវ៉ាត់ ។

ស្ថានីយ​វារីអគ្គិសនី សេសានក្រោម ២ ។ រូបភាពពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល

បើតាមរបាយការណ៍នានា ស្ថានីយ​វារីអគ្គីសនី សេសានក្រោម ២ នេះ មាន​សមត្ថភាព​ផលិត​អគ្គិសនី​ ២០% នៃសមត្ថភាពផលិតសរុបនៅក្នុងប្រទេស​កម្ពុជា ។

គេរំពឹងថា នៅពេល​រោងចក្រ​ផលិតអគ្គិសនី​កម្លាំង ៩០០មេហ្គាវ៉ាត់​នៅខេត្តកោះកុង សាងសង់រួច និងដាក់​ឱ្យដំណើរការ ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​ប្រទេស​កម្ពុជា នឹង​កាន់តែប្រសើរឡើងថែមទៀត ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version