ប្រទេស​​ថៃ​​ក្បែរ​ខាង​កម្ពុជា​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​បំផុតនៅអាស៊ីអាគ្នេយ៍ ដែលអនុញ្ញាត​ឱ្យអ្នកស្រឡាញ់ភេទដូចគ្នា​អាចរៀបការបាន​ដោយ​ស្របច្បាប់ ។

ព្រះមហាក្សត្រ​ថៃ ម៉ាហា វិជ្ជរ៉ាឡុងកន បានឡាយ​ព្រះហស្ថលេខា​​​លើ​ច្បាប់​អាពាហ៍ពិពាហ៍​អ្នកស្រឡាញ់ភេទដូចគ្នានេះ​រួចហើយ ។ នេះ​បើតាម​ការ​ប្រកាស​កាលពីថ្ងៃទី២៤ ខែកញ្ញា នៅលើ​ទស្សនាវដ្ដី​ រាជកិច្ច ផ្លូវការរបស់ប្រទេសថៃ ។

ច្បាប់​អនុញ្ញាត​ឱ្យអ្នកស្រឡាញ់​ភេទដូចគ្នា​រៀបការ​បាន​នេះ បានត្រូវ​រដ្ឋសភាថៃ​អនុម័ត​កាលពីខែមិថុនា ហើយច្បាប់នេះ នឹងចូលជាធរមាន ១២០ថ្ងៃក្រោយ ។

នេះមានន័យថា អាពាហ៍ពិពាហ៍​អ្នកស្រឡាញ់ភេទដូចគ្នា​នៅប្រទេសថៃ អាចនឹងកើតមាន​ឡើង ចាប់ពីខែមករា ដើមឆ្នាំ២០២៥នេះតទៅ ។

បើគិតក្នុងតំបន់អាស៊ីទាំងមូល ថៃជាប្រទេសទីបីដែលអ្នកស្រឡាញ់ភេទដូចគ្នាអាច​រៀបការ​បាន បន្ទាប់តៃវ៉ាន់ និង​នេប៉ាល់ ។

ច្បាប់នេះ​ប្រើ​ពាក្យ​អព្យាក្រឹត​ភេទ ជំនួសពាក្យ បុរស ស្ត្រី ប្ដី និង ប្រពន្ធ និងផ្ដល់​សិទ្ធិ​ស្មុំកូន និង​សិទ្ធិ​ស្នង​មរតក​ ដល់​គ្រួសារ​អ្នកស្រឡាញ់ភេទដូចគ្នា ។

នៅជុំវិញពិភព​លោក មានប្រទេសជាង ៣០ហើយ ដែល​ចេញ​ច្បាប់​អាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ។

ប្រទេសហូល្លង់ជាប្រទេស​មុនគេបង្អស់​នៅលើពិភពលោក​ ដែល​អបអរសាទរ​អាពាហ៍ពិពាហ៍​អ្នកស្រឡាញ់ភេទដូចគ្នា នៅឆ្នាំ២០០១ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version