រដ្ឋាភិបាលវៀតណាមបានប៉ាន់ស្មានថា ព្យុះទីហ្វុង​យ៉ាគី បានបង្ក​ការខូចខាត​អស់​ដល់ទៅ ១ពាន់ ៦៣០លានដុល្លារ នៅតំបន់ភាគខាងជើងនៃប្រទេសនេះ ។ ហើយ​ការខូចខាតនេះ នឹងទាញទម្លាក់ GDP ឆ្នាំ២០២៤របស់​វៀតណាម ឱ្យធ្លាក់ចុះ ០,១៥% ។

ទន្ទឹមនឹងនេះដែរ តុល្យការ​ចំនួនប្រជាជនដែលស្លាប់ដោយសារព្យុះយ៉ាគី នៅវៀតណាម គិត​ត្រឹមថ្ងៃទី១៦ កញ្ញានេះ ឡើងលើស ២៦០នាក់​ហើយ ។

រដ្ឋមន្ត្រីក្រសួងផែនការវៀតណាម និយាយថា ព្យុះយ៉ាគី​បានវាយប្រហារមក​លើ​ប្រទេសវៀតណាមធ្ងន់ធ្ងរបំផុត មិនធ្លាប់មានក្នុង​ពេល​ ៣០ឆ្នាំចុងក្រោយនេះ ។

ភ្លៀង​និងជំនន់​បាន​ប៉ះពាល់ទៅដល់ ២៦តំបន់ ឬស្មើនឹង ៤០% នៃប្រជាជនសរុប ។

នៅតំបន់​ភាគខាងជើង ព្យុះយ៉ាគីបានបំផ្លាញផ្ទះសម្បែងប្រជាជនអស់ ២៥៧ពាន់ផ្ទះ សាលារៀនអស់ ១៣០០ខ្នង និង​ធ្វើ​ឱ្យ​បាក់ទំនប់ ៣០៥កន្លែង រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ។

ផលដំណាំកសិកម្ម​ប្រហែល ២សែន ៦ម៉ឺន ២ពាន់​ហិកតា ត្រូវបានជន់លិច កសិដ្ឋានវារីវប្បកម្ម ២២៥០កន្លែង ត្រូវបានបំផ្លាញ ។ សត្វពាហនៈ និងមាន់ទា ២លាន ៣សែនក្បាល បាន​ងាប់ និង ដើមឈើ​ក្នុងទីក្រុងចំនួន ៣សែន ១ម៉ឺនដើម បានដួលរលំ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version