បណ្ដាប្រទេស​នៅអាស៊ីអាគ្នេយ៍ហាក់​កំពុង​ប្រកួត​ប្រជែង​គ្នា​យ៉ាង​សកម្ម ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ឱ្យ​មកទស្សនា​ប្រទេស​របស់ខ្លួន ដោយ​ផ្ដល់​ការលើក​ទឹកចិត្ត​ផ្សេងៗ ជាពិសេស គោលនយោបាយ​ទិដ្ឋាការពិសេស ។

ប្រទេសមួយដែលធ្វើបានល្អជាងគេបំផុតក្នុងការទាក់ទាញ​ទេសចរ​ចិន គឺ​ប្រទេស​ថៃ ដោយ​ក្នុង​ឆមាស​ទីមួយនៃឆ្នាំ២០២៤នេះ ថៃទទួលស្វាគមន៍​ទេសចរ​ចិនបាន ៣,៤៣លាននាក់ ។

បើតាមការផ្សាយរបស់​សារព័ត៌មានវៀតណាម ថៃដណ្ដើមបាន​លេខ​១​ជា​គោលដៅ​ពេញនិយមបំផុត​នៅអាស៊ីអាគ្នេយ៍​ សម្រាប់ទេសចរ​ចិន ។

ឈរនៅលេខ២ គឺប្រទេសវៀតណាម ដោយ​ទទួលបាន​ទេសចរ​ចិន ១,៨៩លាននាក់ ។ សិង្ហបុរីឈរនៅលេខ៣ ដោយ​ទទួលបាន​ទេសចរចិន ១,៤៥លាននាក់​មកទស្សនាប្រទេស​ផង់ខ្លួន ចំណែក​ឯ​ម៉ាឡេស៊ីទទួលបានភ្ញៀវទេចរ ១,៤៤លាននាក់ ប្រកៀកប្រកិតគ្នានឹងសិង្ហបុរីដែរ ។

ឥណ្ឌូណេស៊ី​ទទួលបានទេសចរចិន ជាងកន្លះលាននាក់ ឡាវបានជាងកន្លះលាននាក់ដែរ រីឯ​កម្ពុជា​វិញ ទទួលបានភ្ញៀវទេសចរចិនបាន ជិត ៤សែននាក់ ។

តួលេខទាំងនេះគិត​ត្រឹម​ក្នុង​អំឡុង​ពេល ៦ខែ ពោលគឺពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ ។

កត្តាមួយដែលគេគិតថាជាការទាក់ទាញ​ចំពោះទេសចរ​ចិន គឺ​ការផ្ដល់​លក្ខខណ្ឌ​ទិដ្ឋាការពិសេស ។

តួយ៉ាង ប្រទេសថៃ​បាន​កំណត់​​ឱ្យ​ទេសចរចិន​ចូលមក​ប្រទេសផង់​ខ្លួន​ដោយ​មិន​បាច់​មាន​ទិដ្ឋាការ ហើយថៃរំពឹងថា រហូតដល់​ដាច់ឆ្នាំនេះ គេនឹងទទួលបានទេសចរចិន ដល់ទៅ ៨លាននាក់ ។

ម៉ាឡេស៊ី សិង្ហបុរី ឡាវ និង​ឥណ្ឌូណេស៊ី ក៏បានផ្ដល់​គោលនយោបាយ​ទិដ្ឋាការពិសេស​តាមបែបរៀងៗខ្លួន ដល់ទេសចរចិនផងដែរ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version