
បើនិយាយពីវិស័យទេសចរណ៍ ថៃស្ថិតក្នុងចំណោមប្រទេសនាំមុខគេក្នុងការទាក់ទាញទេសចរបរទេសបានច្រើនជាងគេបំផុត នៅអាស៊ីអាគ្នេយ៍ ។
ជាក់ស្ដែង គ្រាន់តែទីក្រុងប៉ាតាយ៉ាមួយរបស់ថៃ ក្នុងពេល ៦ខែ ដើមឆ្នាំ២០២៤នេះ ទទួលបានភ្ញៀវទេសចរ ជាង ១២លាននាក់ ដែលចំនួននេះ កើនលើសចំនួននៅមុនការផ្ទុះជំងឺកូវីដ១៩ទៅទៀត ។
អាជ្ញាធរទេសចរណ៍ថៃ និយាយថា ក្នុងចំណោមទេសចរ ១២លាន ៦៩ម៉ឺននាក់ ដែលមកទស្សនាខេត្តឆុនប៊ុរី និងទីក្រុងប៉ាតាយ៉ា ពីខែមករា ដល់ខែមិថុនា ៧លាន ២សែននាក់ ជាជនជាតិថៃ និងជិត ៥លាន ៥សែននាក់ទៀត ជាទេសចរបរទេស ។
ប៉ាតាយ៉ា ជាទីក្រុងធំបំផុតទីពីរនៅក្នុងខេត្តឆុនប៊ុរី និងជាក្រុងធំបំផុតទី៨ នៅក្នុងប្រទេសថៃ ។
ទោះបីមានភ្ញៀវទេសចរទៅលេងច្រើនក្ដី ប៉ាតាយ៉ាមានឈ្មោះមិនសូវល្អទេ ដោយល្បីខាងទេសចរផ្លូវភេទ និងល្បែងស៊ីសង ។
ប៉ុន្តែ ក្រៅពីនេះ ទីក្រុងប៉ាតាយ៉ា មានភាពទាក់ទាញចំពោះភ្ញៀវទេសចរដោយសារវានៅជិតទីក្រុងបាងកក ពោលគឺជិះឡានត្រឹមតែ ២ម៉ោង មានឆ្នេរវែង មានវត្តអារ៉ាមព្រះពុទ្ធសាសនា និងការកម្សាន្តនៅពេលរាត្រីមានភាពរស់រវើកខ្លាំង ៕


