
គ្រួសារមហាសេដ្ឋីជប៉ុនដែលនៅពីក្រោយក្រុមហ៊ុន Seven & i Holdings Co ដែលជាម្ចាស់របស់ផ្សារទំនើប 7-Eleven នៅជុំវិញពិភពលោក នឹងអាចទទួលបានលុយដ៏ច្រើនមហាសាល ប្រសិនបើពួកគេយល់ព្រមលក់ភាគហ៊ុនរបស់ខ្លួន ទៅឱ្យក្រុមហ៊ុនជាគូប្រជែង ដែលជាម្ចាស់របស់ផ្សារទំនើប Circle K ។
ទាយាទរបស់លោក ម៉ាសាតូស៊ិ អ៊ីតុ កាន់កាប់ភាគហ៊ុន ៨,១% ដែលមានតម្លៃជាលុយ ៣១០០លានដុល្លារអាមេរិក នៅក្នុងក្រុមហ៊ុន Seven & i ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ដែលជាភាគហ៊ុនិកធំបំផុតទីពីរ នៃក្រុមហ៊ុននេះ ។
ក្រុមហ៊ុន អាលីម៉ង់តាស្យុង គូស្តា (Alimentation Couche-Tard) របស់ប្រទេសកាណាដា ដែលជាម្ចាស់ផ្សារទំនើប Circle K ជាគូប្រជែងនឹងហាងទំនិញ 7-Eleven កាលពីពេលថ្មីៗនេះ បានដាក់សំណើសុំទិញក្រុមហ៊ុនជប៉ុនដែលជាម្ចាស់ 7-Eleven ។
ប្រសិនបើការទិញលក់ភាគហ៊ុននេះសម្រេចជោគជ័យមែន វានឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំបំផុតដែលវិនិយោគិនបរទេសទិញយកក្រុមហ៊ុនជប៉ុន ។
ក្រុមហ៊ុន Seven & i មានបុគ្គលិក ៧ម៉ឺន ៧ពាន់នាក់នៅជុំវិញពិភពលោក ហើយចំណូលពីការលក់ធំបំផុតរបស់ក្រុមហ៊ុននេះ បានមកពីការលក់រាយរបស់ហាង 7-Eleven នៅក្រៅប្រទេសជប៉ុន ។
ថ្វីដ្បិតតែ 7-Eleven ជាក្រុមហ៊ុនជប៉ុនមែន ប៉ុន្តែ បើគិតពីភូមិសាស្ត្រវិញ ហាងទំនិញ 7-Eleven មានច្រើនលើសលប់នៅក្នុងទ្វីបអាមេរិក ដោយក្នុងនោះ ចំណូល ៣/៤ របស់ក្រុមហ៊ុនបានមកពីអាមេរិកខាងជើង ។
ក្រុមហ៊ុន Seven & i បានបង្កើតគណៈកម្មាធិការដើម្បីពិនិត្យទៅលើសំណើសុំទិញភាគហ៊ុននេះ ប៉ុន្តែ អ្នកវិភាគមួយចំនួនសម្ដែងមន្ទិលសង្ស័យថា ការទិញលក់ហ៊ុនក្នុងតម្លៃដ៏មហាសាលនេះ ទំនងជាមិនអាចទៅរួចទេ ។
អ្នកវិភាគលើកហេតុផលថា 7-Eleven ជាអាជីវកម្មកេរដំណែលគ្រួសាររបស់ម្ចាស់ផ្ទាល់នៃក្រុមហ៊ុន Seven & i ដូច្នេះ គណៈគ្រប់គ្រងទំនងជានឹងមិនពិចារណាលក់ភាគហ៊ុនទេ លើកលែងតែគេឱ្យថ្លៃខ្ពស់ខ្លាំង ៕


