គ្រួសារមហាសេដ្ឋី​ជប៉ុន​​ដែល​នៅពីក្រោយ​ក្រុមហ៊ុន Seven & i Holdings Co ដែលជាម្ចាស់​របស់​ផ្សារទំនើប​ 7-Eleven នៅជុំវិញពិភពលោក នឹង​អាច​ទទួលបាន​លុយ​ដ៏ច្រើន​មហាសាល ប្រសិន​បើ​ពួកគេ​យល់ព្រម​លក់ភាគហ៊ុន​របស់ខ្លួន ទៅឱ្យ​ក្រុមហ៊ុន​ជាគូ​ប្រជែង ដែល​ជាម្ចាស់របស់​ផ្សារទំនើប Circle K ។

ទាយាទរបស់​លោក ម៉ាសាតូស៊ិ អ៊ីតុ កាន់កាប់ភាគហ៊ុន ៨,១% ដែលមានតម្លៃជាលុយ ៣១០០លានដុល្លារអាមេរិក នៅក្នុង​ក្រុមហ៊ុន Seven & i ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ដែលជាភាគហ៊ុនិកធំបំផុតទីពីរ នៃក្រុមហ៊ុននេះ ។

ក្រុមហ៊ុន អាលីម៉ង់តាស្យុង គូស្តា (Alimentation Couche-Tard) របស់​ប្រទេសកាណាដា ដែលជាម្ចាស់​ផ្សារទំនើប​ Circle K ជាគូប្រជែងនឹងហាងទំនិញ 7-Eleven កាលពីពេលថ្មីៗនេះ បាន​ដាក់សំណើ​សុំ​ទិញ​ក្រុមហ៊ុន​ជប៉ុន​ដែលជាម្ចាស់ 7-Eleven ។

ប្រសិនបើ​ការទិញលក់ភាគហ៊ុននេះ​សម្រេចជោគជ័យមែន វានឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំបំផុត​ដែល​វិនិយោគិន​បរទេស​ទិញ​យក​ក្រុមហ៊ុនជប៉ុន ។

ក្រុមហ៊ុន Seven & i មានបុគ្គលិក ៧ម៉ឺន ៧ពាន់នាក់នៅជុំវិញពិភពលោក ហើយ​ចំណូលពីការលក់ធំបំផុត​របស់​ក្រុមហ៊ុននេះ បានមកពី​ការលក់រាយរបស់​ហាង 7-Eleven នៅក្រៅ​ប្រទេសជប៉ុន ។

ថ្វីដ្បិតតែ​ 7-Eleven ជាក្រុមហ៊ុនជប៉ុនមែន ប៉ុន្តែ បើគិតពីភូមិសាស្ត្រ​វិញ ហាងទំនិញ 7-Eleven មានច្រើន​លើសលប់​នៅ​ក្នុងទ្វីប​អាមេរិក ដោយ​ក្នុង​នោះ ចំណូល ៣/៤ របស់​ក្រុមហ៊ុន​បានមកពី​អាមេរិកខាងជើង ។

ក្រុមហ៊ុន Seven & i បាន​បង្កើត​គណៈកម្មាធិការ​ដើម្បីពិនិត្យ​ទៅលើ​សំណើ​សុំ​ទិញភាគហ៊ុន​នេះ ប៉ុន្តែ អ្នក​វិភាគមួយចំនួន​សម្ដែង​មន្ទិលសង្ស័យថា ការទិញលក់ហ៊ុនក្នុងតម្លៃដ៏មហាសាលនេះ ទំនង​ជា​មិនអាច​ទៅរួចទេ ។

អ្នកវិភាគលើកហេតុផល​ថា 7-Eleven ជា​អាជីវកម្ម​កេរដំណែល​គ្រួសារ​របស់​ម្ចាស់​ផ្ទាល់​នៃក្រុមហ៊ុន Seven & i ដូច្នេះ គណៈគ្រប់គ្រង​ទំនង​ជានឹងមិនពិចារណា​លក់ភាគហ៊ុនទេ លើកលែង​តែ​គេ​ឱ្យ​ថ្លៃខ្ពស់ខ្លាំង ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version