មហាសេដ្ឋីស្រុក​ខ្មែរ អ្នកឧកញ៉ា គិត ម៉េង បាននាំយកម៉ាកយីហោសណ្ឋាគារលំដាប់ពិភពលោក The Ritz-Carlton មកដំណើរការនៅកម្ពុជាហើយ ។

អ្នកឧកញ៉ាគិតម៉េងបានប្រកាសនៅលើទំព័រហេ្វសប៊ុក អំពីពីការចាប់ដៃគូ និងការនាំមកនូវម៉ាកយីហោសណ្ឋាគារប្រណីត លំដាប់ពិភពលោករបស់ក្រុមហ៊ុន Marriot International នេះ ។

សណ្ឋាគារថ្មីនេះនឹងមានឈ្មោះថា The Ritz-Carlton Phnom Penh ហើយ នឹងមានទីតាំងស្ថិតនៅលើដងមហាវិថី នរោត្តម ។

អ្នកឧកញ៉ា គិត ម៉េង បានសរសេរថា ការចាប់ដៃគូ នេះកើតមានក្រោយពេលដែលមានការចរចា និងការរៀបចំគោលដៅយុទ្ធសាស្ត្រអស់រយៈពេល ៦ ខែ ។

ទោះជាយ៉ាងណា នៅមិនទាន់មានការបញ្ជាក់ទេថាតើ សណ្ឋាគារលំដាប់ពិភពលោកនេះ នឹងចាប់ផ្ដើមដំណើរការរៀបចំពេលណា ឬចាប់ផ្ដើមធ្វើប្រតិបត្តិការនៅពេលណានោះទេ ។

សណ្ឋាគារលំដាប់អន្តរជាតិនៅស្រុកខ្មែរយើងរួមមាន សណ្ឋាគារ Sofitel, សណ្ឋាគារ Fairfield, សណ្ឋាគារ Rosewood និងសណ្ឋាគារ Hyatt ជាដើម ។

គួរបញ្ជាក់ថា កម្ពុជាត្រូវបានគេមើលឃើញថា ជាប្រទេសមានសក្ដានុពលផ្នែកទេសចរណ៍ ប៉ុន្តែ ការទាញភ្ញៀវទេសចរណ៍បរទេស ហាក់មានការពិបាកក្នុងរយៈកាលប៉ុន្មានឆ្នាំមកនេះ គួបផ្សំនឹងវិបត្តិជំងឺកូវីដ-១៩ ផង ។

កំណើនភ្ញៀវទេសចរបរទេសមានសន្ទុះតិចតួចប៉ុណ្ណោះ បន្ទាប់ពីកម្ពុជាងើបចេញពីវិបត្តិជំងឺកូវីដ ១៩ នោះ ។

ក្នុងរយៈកាល ៦ ខែនៃឆ្នាំ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ១ លាន ៥៨ ម៉ឺននាក់ ដែលភាគច្រើនបំផុត គឺជនជាតិថៃ បន្ទាប់មក គឺវៀតណាម និងតាមពីក្រោយដោយទេសចរចិន ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version