ប្រទេសថៃ​បាន​ដាក់​គោលដៅ​ទាក់ទាញ​ជនជាតិ​ជប៉ុន​ឲ្យ​មកលេង​ប្រទេស​ផង់ខ្លួន ឲ្យបាន​យ៉ាង​តិច ១​លាន​នាក់​ក្នុង​ឆ្នាំ​២០២៤​នេះ ។

មន្ត្រី​ក្រសួង​ទេសចរណ៍​និង​កីឡាថៃ​ បាន​ឲ្យ​ដឹង​ថា គេកំពុងតែ​ស្វះស្វែង​រកវិធីសាស្ត្រ​និង​មធ្យោបាយ​ធ្វើ​ដូចម្តេច​ដើម្បី​ទាក់ទាញ​ឲ្យ​ជនជាតិ​ជប៉ុន​មក​លេង​ប្រទេស​ថៃ ឲ្យ​បាន​កាន់តែ​ច្រើន ។

ទន្ទឹមនឹងនេះ ប្រទេស​ថៃ​ក៏មាន​គម្រោង​ពិភាក្សា​ដើម្បី​ពង្រឹង​កិច្ចសហការ​ផ្នែក​ទេសចរណ៍​ជាមួយនឹង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ប្រទេស​ជប៉ុន​ផងដែរ ។

ប្រទេសជប៉ុន​មាន​ប្រជាជន​ប្រមាណ ១២៤​លាន​នាក់ ហើយ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំបំផុត​លំដាប់​ទី៤​របស់​ពិភពលោក ។ មន្ត្រី​របស់​ប្រទេស​ថៃ​បាន​ចាត់ទុក​ថា ភ្ញៀវទេសចរ​ជប៉ុន​គឺ​ជា​ភ្ញៀវ​ទេសចរ​មាន​គុណភាព ។

កាលពីឆ្នាំមុន ភ្ញៀវ​ទេសចរ​ជប៉ុន​ដែល​មក​លេង​ប្រទេស​ថៃ​មាន​ចំនួន ៨០​ម៉ឺន​នាក់ ។

ក្នុងរយៈកាលប្រាំមួយ​ខែ​មក​នេះ ថៃបាន​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​បាន​ចំនួន ១៧,៥​លាន​នាក់​ហើយ ហើយ​ក្នុង​នោះ ភ្ញៀវ​ទេសចរ​ជប៉ុន​មាន​ចំនួន​ជាង ៤៧​ម៉ឺន​នាក់ ។

ភ្ញៀវទេសចរបរទេស​ដែល​ទៅ​លេង​ប្រទេស​ថៃ​ច្រើន​ជាង​គេ គឺ​មក​ពីប្រទេស​ចិន បន្ទាប់​មក គឺ​ម៉ាឡេស៊ី ឥណ្ឌា កូរ៉េខាងត្បូង និងរុស្ស៊ី ។

ក្នុងឆ្នាំនេះ ប្រទេសថៃ​មាន​គោលដៅ​រក​ចំណូល​ឲ្យ​បាន​ជាង ៣៨​ពាន់​លាន​ដុល្លារ​ពី​វិស័យ​ទេសចរណ៍​របស់​ខ្លួន ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version