ឆ្នាំ២០២៤នេះ ថៃគ្រោងនឹង​ចាយថវិកា ៧,៦លានដុល្លារ ដើម្បី​ផ្សព្វផ្សាយ​ពី​កីឡាប្រដាល់ មួយថៃ ទៅកាន់ពិភពលោក ។ នេះបើតាមការចុះផ្សាយរបស់​សារព័ត៌មានថៃ

នាយករដ្ឋមន្ត្រីថៃ​ លោក សេដ្ឋា ថាវីស៊ីន បាន​ប្រកាស​នៅសប្ដាហ៍​នេះ​ថា គណៈរដ្ឋមន្ត្រីរបស់​លោក​បាន​អនុម័ត​យល់​ព្រមរួច​ហើយ ទៅ​​លើ​សំណើ​របស់​ក្រសួង​ទេសចរណ៍​និង​កីឡា​ ដើម្បី​បែងចែក​ថវិកាជិត ៧,៦លានដុល្លារ សម្រាប់​ការផ្សព្វផ្សាយ​កីឡាប្រដាល់​”មួយថៃ” ។

គម្រោង​ដើម្បី​លើក​កម្ពស់​មុខមាត់​កីឡា​ប្រដាល់ មួយថៃ ទៅកាន់ឆាកអន្តរជាតិ រួមមាន ការរៀបចំ​បង្កើត​កម្មវិធី​បង្វឹក​ក្បាច់គុនមួយថៃ ការបណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល និង​គ្រូបង្វឹក ការបង្កើត​មជ្ឈមណ្ឌ​ដើម្បី​បញ្ជាក់​គុណវុឌ្ឍិ​គ្រូគុនមួយថៃ និងការបញ្ជាក់​ជំរំ​ហាត់គុនមួយថៃនៅក្រៅប្រទេស ។

គោលបំណងរបស់គម្រោងនេះដែរ ក៏ដើម្បី​លើក​ស្ទួយ​ក្បាច់គុន​មួយថៃឱ្យក្លាយជាក្បាច់​គុន​ពិភព​លោក ដោយ​បង្កើត​ឱកាស​ឱ្យ​កីឡាករប្រដាល់ថៃ គ្រូបង្វឹក និង​ប្រតិបត្តិករ​វិស័យ​ប្រដាល់នេះ ទៅចូលរួម​ប្រកួត​លើ​ឆាកអន្តរជាតិ និងចែករំលែក​បទពិសោធន៍​ក្បាច់គុន​នេះ ទៅដល់ពិភពលោក ។

ដើម្បីធានានិរន្តរភាព គម្រោងនេះ​ក៏ស្វះស្វែងរកចំណូល​ផងដែរ ដោយគេរំពឹងថា អាចនឹងរកបានចំណូលជាង ៦០លានដុល្លារ គិតជាតម្លៃសេដ្ឋកិច្ច និង​ធ្វើ​ឱ្យគេស្គាល់ក្បាច់គុន​មួយថៃ នៅក្នុង​ ១៩០ប្រទេសជុំវិញពិភពលោក ព្រមទាំង​ទាក់ទាញ​ទេសចរ​មកទស្សនា​ប្រទេសថៃ និង​រួមចំណែក​បង្កើន​ចំណូល​ជាតិផងដែរ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version